ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង អាយុក្រោម ១៧ឆ្នាំ បាន​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥ ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ជប៉ុន អាយុក្រោម ១៧ឆ្នាំ ដោយ​បាល់កាត់​សេចក្ដី ១១ម៉ែត្រ បន្ទាប់​ពី​ស្មើ​គ្នា ១-១ ពេញ​៩០​នាទី។

ដូច​នេះ​គិតត្រឹម​ថ្ងៃទី២០ វិច្ឆិកានេះ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៨ ឡើង​មក​កាន់​វគ្គ​ ៨ក្រុម​ចុង​ក្រោយ រួម​មាន៖ ព័រទុយហ្គាល់ ស្វីស ម៉ារ៉ុក ប្រេស៊ីល អូទ្រីស ជប៉ុន អ៊ីតាលី និងប៊ូគីណាហ្វាសូ។ ស្របពេល​ការប្រកួត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីប្រកួត​វគ្គ ៨ក្រុម ខាងក្រោម៖

  • ព័រទុយហ្គាល់ ប្រកួត​ជាមួយ ស្វីស
  • ម៉ារ៉ុក ប្រកួត​ជាមួយ ប្រេស៊ីល
  • អូទ្រីស ប្រកួត​ជាមួយ ជប៉ុន
  • អ៊ីតាលី ប្រកួត​ជាមួយ ប៊ូគីណាហ្វាសូ

ព្រឹត្តិការណ៍​ប្រកួត​ ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥ មាន ៤៨ប្រទេស ជ្រើសចេញពី ៦តំបន ជុំវិញ​ពិភព​លោក ដើម្បីរក​ក្រុម​ខ្លាំង​ ៣២ក្រុម ឡើង​ទៅកាន់​វគ្គ Knockout stage ខណ:ការប្រកួត​នឹង​ចាប់​ពី​ថ្ងៃទី៣ រហូត​ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើ​រក​ឃើញ​ម្ចាស់​ជើង​ឯក នៅ​ទឹក​ដី​ប្រទេស​កាតា។


គួរបញ្ជាក់ថា ពាន​រង្វាន់ FIFA U-17 World Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៥ ដោយ​ក្រុម​ជម្រើសជាតិ​នីហ្សេរីយ៉ា អាយុក្រោម ១៧ឆ្នាំ ឈ្នះជើង​ច្រើន​ជាងគេ ៥លើក (១៩៨៥, ១៩៩៣, ២០០៧, ២០១៣, ២០១៥) ប្រេស៊ីល ៤លើក (១៩៩៧, ១៩៩៩, ២០០៣, ២០១៩) ហ្គាណា ២លើក (១៩៩១, ១៩៩៥) មុិកសុិក ២លើក (២០០៥, ២០១១) និងអាល្លឺម៉ង់ បារាំង សហភាពសូវៀត អារ៉ាប៊ីសាអូឌីត ស្វីស និង​អង់គ្លេស បាន១លើកដូចគ្នា៕

Share.