ភ្នំពេញ÷ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចចាប់ខ្លួនជនសង្ស័យចំនួន ៨ នាក់ ក្រោយធ្វើប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីក្លែងខ្លួនជាសមត្ថកិច្ច ដើម្បីចាប់បង្ខំ និងទារប្រាក់ពីជនបរទេស នៅក្នុងរាជធានីភ្នំពេញ។
ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣:២០នាទី នៅតំបន់ផ្លូវ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលជនរងគ្រោះជាបុរសជនជាតិចិនឈ្មោះ LONG JUN អាយុ២៩ឆ្នាំ ត្រូវបានចាប់បង្ខំ និងទារប្រាក់ចំនួន ៥២,០០០ ដុល្លារ។

បន្ទាប់ពីការសហការស្រាវជ្រាវរវាងអង្គភាពនគរបាលរាជធានី និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តាកែវ កំពត សៀមរាប និងព្រះសីហនុ បានអនុវត្តប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យបានស្រុងចំនួន ៨ នាក់ រួមមាន៖ ហ៊ុំ សុផុន, ៣២ឆ្នាំ
ខឿន រុន, ៣១ឆ្នាំ, ណុន ស៊ីតុន, ៣៥ឆ្នាំ
ហ៊ុំ វិរៈ (វុទ), ២៤ឆ្នាំ, ហ៊ុំ សុភ័ក្រ្ត (យ៉ត), ៣៥ឆ្នាំ
ជា សុខលី, ២៥ឆ្នាំ, មុន វិចិត្រចិន្ដា (ចិន្ដា), ២៩ឆ្នាំ, ឡែម លាភ, ៣៤ឆ្នាំ។

វត្ថុតាងដែលបានរឹបអូសរួមមាន៖ រថយន្ត ២ គ្រឿង, កាំភ្លើងខ្លី ៤ ដើម, គ្រាប់កាំភ្លើង ៣៨ គ្រាប់, សម្លៀកបំពាក់កងរាជអាវុធហត្ថ ៤ កំប្លេ
កាតសម្គាល់កងរាជអាវុធហត្ថ ២ សន្លឹក (ចម្លង)
ទូរស័ព្ទ ៦ គ្រឿង, ខ្នោះដៃ ៧, កាបូបស្ពាយ ១។

តាមសម្តីជនសង្ស័យទាំង៨ បានឲ្យដឹងថា ពួកគេធ្លាប់បានប្រព្រឹត្តសកម្មភាពចាប់បង្ខំទារប្រាក់ចំនួន ៦ លើក មកហើយ។ បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ÷ចតុម្មុខ
