កំពង់ធំ÷ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បើកពិធីប្រកាសឱ្យលោក ប៉ឹក គីមសាន ចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍។ ពិធីចូលកាន់មុខតំណែងនេះ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វិស័យសុខាភិបាលក្នុងខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសេវាសុខាភិបាលត្រូវបានពង្រីក និងកែលម្អនៅគ្រប់កម្រិតចាប់ពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។
គម្រោងមូលនិធិសមធម៌សុខាភិបាល និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានអនុវត្តបាន ១០០% ជួយបង្កើនសមត្ថភាពសេវា ខណៈអត្រាមរណៈមានការថយចុះ។




ក្នុងឱកាសនេះ ឯកឧត្តម ឈាង រ៉ា បានណែនាំឱ្យប្រធានមន្ទីរថ្មី បន្តអនុវត្តការងារដោយភាពទំនួលខុសត្រូវខ្ពស់ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លើការគ្រប់គ្រងធនធាន កែលម្អគុណភាពសេវា និងអនុវត្តតាមគោលនយោបាយសុខាភិបាលជាតិ។



លោក ប៉ឹក គីមសាន បានប្តេជ្ញាថា នឹងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល បន្តអនុវត្តការងារតាមច្បាប់ ជំរុញការអភិវឌ្ឍវិស័យសុខាភិបាល ធ្វើការបម្រើប្រជាពលរដ្ឋដោយគ្មានការរើសអើង រក្សាសាមគ្គីភាពក្នុងអង្គភាព និងខិតខំដឹកនាំឱ្យវិស័យសុខាភិបាលខេត្តកាន់តែប្រសើរឡើង៕







