បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារ បង្អែមខ្មែរប្រចាំតំបន់ក្នុងឱកាសអបអរបុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០២៥ ឈានចូលឆ្នាំ ២០២៦។

នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាការងារមួយ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្តីពីការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥-២០២៦ និងការតាំងពិព័រណ៍ម្ហូបអាហារ បង្អែមខ្មែរ អបអរពិធីបុណ្យឆ្លងឆ្នាំសកលសំដៅឲ្យបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត ពិសេសភ្ញៀវទេសចរអន្តរជាតិបានរីករាយ កម្សាន្តសប្បាយ។

តាមការគ្រោងទុកពិធីបុណ្យខាងនេះត្រៀមរៀបចំឡើងនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់បងប្អូនអ្នកបាត់ដំបង និងបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិពីទីតំបន់ផ្សេងៗឲ្យចូលមកកំសាន្តនៅក្នុងខេត្តបាត់ដំបងផងដែរ។

តាមការបង្ហាញរបស់រដ្ឋបាលខេត្តក៏បញ្ជាក់ផងដែរថា÷ ការរៀបចំដាក់តាំងពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ របស់អ្នកបាត់ដំបងនេះឡើង គឺផ្តោតលើការបង្ហាញពីសក្តានុពល ភាពទាក់ទាញ នៃម្ហូបអាហារប្រចាំតំបន់ លើសពីនេះបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែប របស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន លើកស្ទួយវិស័យម្ហូបអាហារ វប្បធម៌ ប្រពៃណីរបស់ខ្មែរកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ៕

អត្ថបទ: ដំបងក្រញូង

Share.