បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៣ វិច្ឆិកា ២០២៥ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបកស្រាយ និងបដិសេធព័ត៌មានមិនពិត ដែលក្រុមប្រឆាំងខ្លះនៅក្រៅប្រទេស និងបណ្ដាញសង្គម កំពុងបង្កើត និងបំភ្លៃ បំផ្លើសព័ត៌មាន ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ។



តាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ កំពុងអនុវត្តការងារវាស់វែង បង្កើតផែនទីរូបភាព និងដាក់បង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ស្របតាមគោលការណ៍ និងកិច្ចព្រៀង JBC កម្ពុជា-ថៃ កាលពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។


មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងបន្តថា ការងារវាស់វការងារទាំងនេះ កំពុងធ្វើឡើងយ៉ាងហ្មត់ចត់ និងមានភាពទទួលខុសត្រូវខ្ពស់ ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។


រដ្ឋលេខាធិការដ្ឋាន ក៏បានអំពាវនាវដល់សាធារណជន ឲ្យជឿទុកចិត្តលើការងាររបស់រដ្ឋាភិបាល និងគណៈកម្មការ JBC ដែលបន្តអនុវត្តភារកិច្ចដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យជាតិ៕
អត្ថបទ៖បន្ទាយមានជ័យ

