លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសជាសាធារណៈនូវជំហររបស់ទីក្រុងតេហេរ៉ង់ ក្នុងការស្វែងរកសន្តិភាពក្នុងតំបន់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ជម្លោះដ៏ស្រួចស្រាវនេះអាចបញ្ចប់ទៅបាន លុះត្រាតែមានការទទួលស្គាល់នូវ «សិទ្ធិស្របច្បាប់» របស់អ៊ីរ៉ង់ជាមុនសិន។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន The Caspian Post លោក Pezeshkian បានបញ្ជាក់នៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖ លោកបានពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ដោយបានរំលឹកឡើងវិញនូវទស្សនៈរបស់អ៊ីរ៉ង់ដែលថា «ជម្លោះនេះត្រូវបានបង្កឡើងដោយរបបសីយ៉ូនីស (អ៊ីស្រាអែល) និងសហរដ្ឋអាមេរិក» ។

លោកបានដាក់លក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល ដោយបញ្ជាក់ថា រាល់ដំណោះស្រាយណាក៏ដោយ ត្រូវមានលក្ខខណ្ឌចំនួន ៣ចំណុចនេះរួមមាន៖ ការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់, សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយនៅពេលអនាគត។ ការលើកឡើងនេះ បានធ្វើឡើងចំពេលដែលកិច្ចប្រឹងប្រែងផ្នែកការទូតកំពុងកើនឡើងយ៉ាងខ្លាំងក្លា ដើម្បីទប់ស្កាត់ជម្លោះ ខណៈដែលរុស្ស៊ីកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ និងបានអំពាវនាវឱ្យមានការបញ្ឈប់អរិភាពផងដែរ។

សូមជម្រាបថា យោងតាមតាមក្រុមមន្ត្រីអ៉ីរ៉ង់បានឱ្យដឹងថា ជម្លោះកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហាររួមគ្នាលើអ៉ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១,២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងមនុស្ស ១០,០០០នាក់ផ្សេងទៀតរងរបួស។ ជាការឆ្លើយតប អ៉ីរ៉ង់បាននឹងកំពុងសងសឹកតាមរយៈការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនអត្តឃាត លើអ៉ីស្រាអែល ក្នុងក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ពែក្ស ដែលបានធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំងពីស្ថិរភាពសេដ្ឋកិច្ច និងតម្លៃថាមពលសកល៕

ប្រភព៖ The Caspian Post

Share.