បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថា នាវាដឹកទំនិញដែលដោតទង់ជាតិថៃមានឈ្មោះថា «Mayuree Naree» ត្រូវបានគេវាយប្រហារនៅចំណុចយុទ្ធសាស្ត្រក្បែរច្រកសមុទ្រ Hormuz ដែលស្ថិតក្នុងតំបន់ឈូងសមុទ្រពែក្ស។
ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅលើនាវា ដែលបង្ខំឱ្យក្រុមនាវិកទាំងអស់ត្រូវសម្រេចចិត្តបោះបង់កប៉ាល់ចោលជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។

យោងតាមកងទ័ពជើងទឹកថៃបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «នាវានេះត្រូវបានវាយប្រហារខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអារ៉ាប់រួម»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ព័ត៌មានលម្អិតជាក់លាក់ និងមូលហេតុនៃការវាយប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈកប៉ាល់ «ម៉ាយូរី ណារី» បានចាកចេញពីកំពង់ផែកាលីហ្វា ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅព្រឹកថ្ងៃកើតហេតុ។ នៅពេលដែលកប៉ាល់បានឆ្លងកាត់ច្រកសមុទ្រអូរម៉ូស ហើយកំពុងបើកបរក្នុងដែនទឹកក្បែរប្រទេសអូម៉ង់ វាត្រូវបានប្រហារដោយអាវុធមិនស្គាល់អត្តសញ្ញាណចំនួនពីរគ្រាប់ពីលើខ្សែទឹក។ ការវាយប្រហារនេះបានផ្ដោតលើចំណុចសំខាន់ៗរបស់កប៉ាល់ គឺកន្សៃ និងបន្ទប់ម៉ាស៊ីន ដែលជាហេតុធ្វើឱ្យកប៉ាល់បាត់បង់ថាមពល និងឆេះយ៉ាងសន្ធោសន្ធៅ។

ថ្វីដ្បិតថាកប៉ាល់នេះដង់ទង់ជាតិថៃ ដែលជាប្រទេសអព្យាក្រឹតក៏ដោយ ក៏ក្រុមហ៊ុនម្ចាស់កប៉ាល់ ឬអ្នកជួលកប៉ាល់អាចមានទំនាក់ទំនងជាមួយប្រទេសដែលពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់ ជាពិសេសថៃដែលជាប្រទេសសម្ព័ន្ធមិត្តអាមេរិក ជួនកាល ការវាយប្រហារគឺសំដៅលើផលប្រយោជន៍របស់ប្រទេសទីបី ដើម្បីដាក់សម្ពាធដោយប្រយោល។
យ៉ាងណាមិញ ការវាយប្រហារនេះនឹងធ្វើឱ្យថ្លៃធានារ៉ាប់រងសម្រាប់កប៉ាល់ដែលធ្វើដំណើរកាត់ច្រកសមុទ្រអូរម៉ូសកើនឡើងខ្ពស់។ វាក៏អាចបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនស្វែងរកផ្លូវជំនួស ដែលអាចចំណាយពេលយូរ និងថ្លៃជាង ដែលនាំឱ្យប៉ះពាល់ដល់តម្លៃទំនិញ និងថាមពលនៅទូទាំងពិភពលោក។


រដ្ឋាភិបាលថៃកំពុងធ្វើការស៊ើបអង្កេត និងទាមទារការពន្យល់ពីបណ្តាប្រទេសក្នុងតំបន់ ជាពិសេសអ៊ីរ៉ង់ និងអូម៉ង់។ យ៉ាងណាម៉ិញ ព្រឹត្តិការណ៍មួយនេះមិនត្រឹមតែជាការគំរាមកំហែងដល់សុវត្ថិភាពនៃការដឹកជញ្ជូនតាមសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងនៅក្នុងតំបន់ដ៏រសើបនេះ។
សូមជម្រាបថា ច្រកសមុទ្រ Hormuz គឺជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយសម្រាប់ដឹកជញ្ជូនថាមពលសកល ដែលបច្ចុប្បន្នកំពុងក្លាយជាចំណុចក្ដៅនៃជម្លោះភូមិសាស្ត្រនយោបាយ៕
ប្រភព៖ Khaosod

