បាត់ដំបង÷ ទំនប់ស្តុកទឹកដូនទ្រី ខេត្ត បាត់ដំបងសម្រេចការសាងសង់បាន ១០០%ហើយដែលវាផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្មក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជិត ៤០ ០០០ហិកតា។

ក្នុងការចុះពិនិត្យគម្រោងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីជំនាញកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងមកនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា÷ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រៀមបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ វាជាសមិទ្ធផលថ្មីមួយទទៀតសម្រាប់បម្រើផលប្រយោជន៍ប្រជាកសិករនៅក្នុងខេត្ត និងខេត្តជាប់គ្នា ( ខេត្តពោធិ៍សាត់ ) យ៉ាងសំខាន់។

គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសម្រេចការសាងសង់បាន ១០០% ហើយ ទំនប់នេះមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣ លានម៉ែត្រគូប។

ឯកឧត្តម សុខ លូ បន្តថា÷ សក្តានុពលទំនប់ដូនទ្រីជាគម្រោងធំបន្ថែមទៀតផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មជិត ៤០ ០០០ហិកតា ក្នុងនោះនៅរដូវវស្សាស្រោចស្រពស្រូវប្រមាណ ៣៣ ០០០ហិកតា និងរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា ក្នុងភូមិសាស្ត្រឃុំ ១៥ របស់ស្រុករុក្ខគិរី ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

គម្រោខាងលើនេះក៏នឹងបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ពិសេសវិស័យទឹកស្អាតបម្រើឱ្យការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមបានយ៉ាងល្អ៕

អត្ថបទ: ដំបងក្រញូង

Share.