តាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបចំពោះរូបភាពសំណង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) មិនមែនជាការពិតឡើយ។

ជាឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសបានចាត់ទុកការផ្សព្វផ្សាយរូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយ​នៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

Share.