នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមការងារវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ កំពុងបន្តអនុវត្តយ៉ាងសកម្មនូវការងារបច្ចេកទេសសំខាន់ៗ ដើម្បីឈានទៅដល់ការបោះបង្គោលព្រំដែនបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ ៤២ ដល់លេខ ៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កន្លងមក។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ការងារនេះបានផ្តោតលើភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ​។

ក្រុមវាស់វែងចម្រុះបានប្រើប្រាស់បច្ចេកទេសថតរូបពីលើអាកាសដោយប្រើ ដ្រូន ដើម្បីបង្កើតផែនទីរូបថត ដែលជាការងារត្រៀមបឋមដ៏សំខាន់ មុននឹងចុះបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង។

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានសម្រេចការងារថតរូបពីលើអាកាសនៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ បានប្រវែងប្រមាណ ៥,៣ គីឡូម៉ែត្រ ដែលស្មើនឹងប្រមាណ ៧៦% នៃចន្លោះបង្គោលនេះ។ យោងតាមផែនការ ការងារថតរូបពីលើអាកាសនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់ពីបញ្ចប់ការងារថតរូបតាមអាកាស ក្រុមការងារចម្រុះនឹងបន្តទៅជំហានបន្ទាប់គឺ ការបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ ក្រោយពេលបញ្ចប់ការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះលេខ ៤២-៤៣ ក្រុមការងារនឹងបន្តបេសកកម្មរបស់ខ្លួនទៅកាន់កំណាត់ខ្សែព្រំដែនបន្ទាប់គឺចន្លោះបង្គោលលេខ ៤៣-៤៧។

ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការកំណត់ខ្សែព្រំដែនគោកឱ្យមានភាពច្បាស់លាស់ និងចប់សព្វគ្រប់៕

Share.