កំពង់ចាម៖ កំពង់ចាម: រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងផ្តល់ជំនួយសង្គ្រោះបឋម ដល់គ្រួសារ ៥ ដែលរងគ្រោះក្នុងករណីអគ្គិភ័យ បង្កដោយអំពើហិង្សារបស់ជនសង្ស័យម្នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។

គ្រោះមហន្តរាយនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន ៩ នាក់ រួមមានមនុស្សវ័យចាស់ម្នាក់ ស្ត្រីមានផ្ទៃពោះម្នាក់ ក្មេងជំទង់ និងកុមារ ៧នាក់ ដែលជាសមាជិកគ្រួសារ និងអ្នកជិតស្និទ្ធរបស់ជនរងគ្រោះ បង្កដោយជនសង្ស័យឈ្មោះ សុបិន្ត មិនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅប្រសារ ជាប្តី ជាបងថ្លៃ នៃស.ព កាលពីម៉ោង ៥,៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ កូន ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពី សំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់សម្តេច ឲ្យចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកជំទាវ ប៉ាង ដានី ក៏បានក្រើនរំលឹក ដល់ អាណាព្យាបាល ទាំងអស់ និងក្រុមគ្រួសារ ឱ្យទប់ចិត្ត ទប់អារម្មណ៍ឱ្យបាននឹងនរ ហើយខិតខំថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ” និងចូលរួមពង្រឹងភាពស៊ាំសហគមន៍ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរដូវរងារនេះ។

បើតាមរបាយការណ៍របស់ នាយកសាខាកាកបាទក្រហមសាខាខេត្តកំពង់ចាម បានឲ្យដឹងថា សម្ភារៈ ដែលបាន នាំយកមកចូលរួមបុណ្យសព រួមមាន៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកក្រូច ២កេស, ទឹកពិសា ២កេស និង ថវិកាចំនួន ៥០០,០០០រៀល ។ ដោយឡែក៖ អនុសាខាស្រុក បានចូលបុណ្យ អង្ករ ១០០គក្រ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។ព្រះមេគណ ព្រះអនុគណ និងព្រះមន្ត្រីសង្ឃខេត្ត ឧបត្ថម្ភក្នង ១គ្រូសារ សព ជា សម្ភារ: ( ប្រឡុង) ១ឈុត និងចូលបុណ្យ ២០០,០០០រៀល៕

អត្ថបទ៖អាចារ្យលាក់

