កំពង់ធំ៖ អគ្គលេខាធិការកាកបាទក្រហមកម្ពុជាណែនាំដល់ប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យ និងចៀសឆ្ងាយពីអាហារគីមី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោកជំទាវតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះថ្មីជាព្រះរាជអំណោយនិងអណ្ដូងទឹកចំនួន៣ព្រមទាំងចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជារាស្រ្តនៅក្នុងស្រុកស្ទោង កាលពីថ្ងៃទី២៤ ខែវិច្ឆិកានៅស្រុកស្ទោង,ខេត្តកំពង់ធំ។

លោកជំទាវបានសង្កត់ធ្ងន់ថា ដោយសារបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន បានធ្វើឱ្យ មានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ ហើយអាហារមួយចំនួនពោរពេញទៅដោយសារជាតិគីមី និងសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាពដោយប្រយោជន៍ឬដោយផ្ទាល់ ហេតុដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវនាំគ្នាខិតខំដាំដំណាំបន្លែបង្ការជុំវិញគេហដ្ឋានជាប្រភេទដំណាំ ឬបន្លែដែលគ្មានប្រើប្រាស់គីមី និងមិនជះផលប៉ះពាល់ដល់សុខភាពរឹតតែធ្វើឱ្យសុខភាពកាន់តែរឹងមាំថែមទាំងជួយបង្កើនសេដ្ឋកិច្ចគ្រួសារនិងសហគមន៍បានមួយកម្រិតថែមទៀត ហើយត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងត្រូវឧស្សាហ៍ត្រួតពិនិត្យឬឆែកសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

ទន្ទឹមនឹងនេះ លោកជំទាវបានណែនាំបន្ថែមទៀតដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិង អាជ្ញាធរមូលដ្ឋាន ជាពិសេសភូមិ/ឃុំ ត្រូវតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខមាលភាពពុកម៉ែបងប្អូនពលរដ្ឋ
នៅក្នុងមូលដ្ឋានដែលងាយរងហានិភ័យ ក្រុមគ្រួសារដែលបានទទួលនូវផ្ទះជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះមាតាជាតិខ្មែរ ហើយណែនាំដល់ម្ចាស់ផ្ទះថ្មី និងម្ចាស់អណ្ដូងថ្មី ត្រូវខិតខំថែរក្សានូវផ្ទះថ្មីនេះឱ្យបានប្រសើរក៏ដូចជាថែទាំនូវអណ្ដូងទឹកឱ្យបានល្អជាពិសេសត្រូវធ្វើការជួសជុលបានត្រឹមត្រូវជាប្រចាំដើម្បីពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានប្រើប្រាស់បានប្រកបដោយសុវត្ថិភាព។

ចុងបញ្ចប់លោកជំទាវ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ហ្លួងម៉ែនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានលះបង់នូវព្រះរាជទ្រព្យនិងទ្រព្យផ្ទាល់ខ្លួនសម្រាប់សាងសង់ផ្ទះ អណ្ដូងទឹកថ្មី និងចែកអំណោយជូនពុកម៉ែបងប្អូនដែលងាយរងហានិភ័យកន្លងមកជាពិសេសនៅក្នុងឱកាសដ៏វិសេសវិសាលនេះ។

សូមបញ្ជាក់ថាព្រះរាជអំណោយនៅក្នុងឱកាសនេះបានប្រគល់ជូនលោកយាយវន សាខន នូវផ្ទះថ្មីមួយខ្នង រស់នៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ អណ្ដូងទឹក១ជូនសហគមន៍ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង និងអណ្ដូងទឹក ២ទៀតជូនសហគមន៍ភូមិធ្លក ឃុំចំណាលើ និងអំណោយ កាកបាទក្រហមកម្ពុជាជូនគ្រួសារងាយរកហានិភ័យចំនួន១៨០គ្រួសារ ដែលទទួលបាននូគឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន។
អត្ថបទ៖ កំពង់ធំ

Share.