ករណីចាប់ខ្លួន និងបញ្ជូនខ្លួនអ្នកជំនួញដ៏មានឥទ្ធិពលជនជាតិចិន អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក ត្រឡប់ទៅប្រទេសចិនវិញ វាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលឆ្លុះបញ្ចាំងពី «ឆន្ទៈនយោបាយដាច់ខាត» របស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីនេះមិនត្រឹមតែជាការអនុវត្តច្បាប់ធម្មតានោះទេ ប៉ុន្តែវាគឺជាការផ្ញើសារពីគោលជំហរច្បាស់លាស់របស់កម្ពុជា ទៅកាន់ពិភពលោកថាគ្មាននរណាម្នាក់អាចស្ថិតនៅលើច្បាប់បានឡើយ។

យោងតាមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុវត្តតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចកម្ពុជា បានធ្វើការចាប់ខ្លួនពលរដ្ឋចិនចំនួន ៣ នាក់ ក្នុងនោះរួមមាន ឈ្មោះអ្នកឧកញ៉ា Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦។ ការចាប់និងបញ្ជូនខ្លួនអ្នកទាំង ៣ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនត្រូវបាន ក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថាដើម្បីបន្តនីតិវិធីតាមច្បាប់ និងការស៊ើបអង្កេតបន្ថែម ដោយអនុលោមតាមកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈសកម្មភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលជំហរសមភាពចំពោះមុខច្បាប់ ព្រោះការហ៊ានប៉ះពាល់ដល់បុគ្គលដែលមានងារខ្ពង់ខ្ពស់ជាអ្នកឧកញ៉ា ដូច្នេះគឺបង្ហាញជាសាធារណៈថា ងាឬសញ្ជតិដែលទទួលដោយសារការបោះទុនវិនិយោគមិនមែនជាអាវក្រោះការពារបុគ្គលណាម្នាក់ដែលប្រព្រឹត្តិទង្វើខុសច្បាប់នោះទេ។ ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់របស់រដ្ឋាភិបាល គឺជាការចាប់ផ្ដើមយ៉ាងល្អ លុបបំបាត់ចោលឱ្យអស់វប្បធម៌ អន្តរាគមន៍ និងបុគ្គលនិយម។
ការចាប់ខ្លួននិងបញ្ជូនខ្លួន លោក ចេនហ្ស៊ី ក៏បង្ហាញឱ្យឃើញពីគោលជំហរច្បាស់លាស់មួយរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការវះកាត់ដំបៅមហារីក ដើម្បីស្ដារមុខជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។

ស្របជាមួយគ្នានោះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងដែរថា «បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡេីយ។ ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចប្រធានបក្ស និងសម្តេចធិបតី ដេីម្បីការពារនិងបិទបាំងទង្វេីបំពានច្បាប់របស់ខ្លួន ធ្វេីបាបប្រជាជន គឺជាក្រុមគោលដៅ ដែលបក្សកាន់អំណាចបោសសម្អាតចោល»

ត្បិតឧក្រិដ្ឋកម្មអនឡាញ និងការឆបោកឆ្លងដែន បានក្លាយជាដំបៅមហារីក ដែលរដ្ឋាភិបាលចាំផ្ទះថៃ និងក្រុមយោធា ប្រើប្រាស់ដើម្បីបោកបញ្ឆោតពលរដ្ឋថៃ និងសហគមន៍អន្តរជាតិ ក្នុងចេតនាចង់ឈ្លានពានទឹកដីកម្ពុជា ដូច្នេះសកម្មភាពឆ្លើយតបចំពោះកង្វល់របស់អន្តរជាតិ នឹងធ្វើឱ្យថៃ លែងសូវប្រើហេតុផលនេះមកលាបពណ៌លើកម្ពុជាយើង។ មែនទែនទៅឆន្ទៈដោះស្រាយ និងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការបស់រដ្ឋាភិបាលកម្ពុជា បានបង្ក្រាបដោយជោគជ័យ និងបានបណ្ដេញជនបរទេសដែលចូលមកលួចបន្លំធ្វលការងារដោយខុសច្បាប់ជារឿយៗមកហើយ មិនមែនទើបតែធ្វើលើរឿងអ្នកឧកញ៉ា ចេនហ្ស៊ីនោះឡើយ ដោយកន្លងមកក្រសួងមហាផ្ទៃ ដែលជាស្ថាប័នជំនាញនិងមានសមត្ថកុច្ច តែងតែប្រកាសផ្សព្វផ្សាយពីសមិទ្ធិផលបោសសំអាតសំបុកឧក្រិដ្ឋជនប្រកបដោយជោគជ័យជាទឡ្ហីករណ៍ស្រាប់៕

Share.