រដ្ឋធានីវ៉ាស៊ីនតោន ៖ ពិភពលោកកំពុងជួបប្រទះនូវការរង្គោះរង្គើផ្នែកការទូតជាថ្មីម្តងទៀត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦ ក្នុងនោះរួមមានទាំងអង្គការយូណេស្កូ (UNESCO) ផងដែរ។ ចំណាត់ការដ៏ដាច់ហិង្គានេះ ត្រូវបានអ្នកឃ្លាំងមើលព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា ជាការបោះជំហានកាន់តែឆ្ងាយពីគោលការណ៍ពហុភាគីនិយម និងជាការបិទបញ្ចប់យុគសម័យដែលអាមេរិកដើរតួជា “ចៅក្រម” ការពារច្បាប់អន្តរជាតិ។

តាមរយៈបទបញ្ជាប្រតិបត្តិលេខ ១៤១៩៩ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ រដ្ឋបាលលោក ត្រាំ បានផ្ដាច់ទាំងការគាំទ្រផ្នែកនយោបាយ និងជំនួយហិរញ្ញវត្ថុដល់ភ្នាក់ងារសហប្រជាជាតិសំខាន់ៗ រួមទាំងស្ថាប័នទទួលបន្ទុកផ្នែកប្រជាជន និងសន្ធិសញ្ញាអាកាសធាតុសកល។
រដ្ឋមន្ត្រីការបរទេសលោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានគូសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមមេរិកនឹងមិនបន្តយកពន្ធដារដែលបានមកពីញើសឈាមរបស់ប្រជាជនអាមេរិក ទៅបោះចោលក្នុងស្ថាប័នដែលខ្លួនចាត់ទុកថា អសមត្ថភាព និងខ្ជះខ្ជាយទៀតឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបន្ថែមថា អង្គការទាំងនេះបានក្លាយជាឧបករណ៍សម្រាប់បម្រើឱ្យមនោគមវិជ្ជាសកលនិយម ដែលកំពុងគំរាមកំហែងដល់អធិបតេយ្យភាពជាតិ និងសេរីភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋអាម៉េរិក។
អ្នកតាមដានស្ថានការពិភពលោកនាពេលនេះកត់សម្គាល់ថា ការដើរចេញរបស់អាមេរិកនៅពេលនេះ មិនត្រឹមតែជាការកាត់បន្ថយការចំណាយថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិភាគយុទ្ធសាស្ត្រមួយដែលចង្អុលបង្ហាញពី ការបែកបាក់នៃសណ្តាប់ធ្នាប់ពិភពលោក ការបដិសេធរបៀបវារៈសង្គមនិយមថ្មី និងការលើកកម្ពស់នយោបាយ «អាមេរិកមុនគេ» ឱ្យកាន់តែខ្លាំងឡើងជាសកលក។

អ្នកវិភាគនយោបាយអន្តរជាតិយល់ឃើញថា នេះគ្រាន់តែជាតំណក់ទឹកដំបូងនៃភ្លៀងព្យុះតែប៉ុណ្ណោះ ព្រោះតែរដ្ឋបាលលោក ត្រាំ កំពុងបន្តត្រួតពិនិត្យអង្គការផ្សេងៗទៀតដើម្បីកាត់បន្ថយការចូលរួមបន្ថែម។ ការណ៍នេះអាចនាំឱ្យមានការដួលរលំនៃយន្តការដោះស្រាយបញ្ហាសកល ដូចជាវិបត្តិជនភៀសខ្លួន ការប្រែប្រួលអាកាសធាតុ និងការការពារបេតិកភណ្ឌពិភពលោក។
ដោយឡែកការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នៅដើមឆ្នាំ ២០២៦ នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកលែងដើរតួជាសប្បុរជនពិភពលោកទៀតហើយ ហើយពួកគេនឹងដើរកាន់តែឆ្ងាយពីច្បាប់អន្តរជាតិ។ ពិភពលោកត្រូវតែត្រៀមខ្លួនទទួលយកយុគសម័យថ្មី ដែលមហាអំណាចលេខ១ ដើរលើផ្លូវឯកោនិយម និងផ្ដោតតែលើបន្ទាត់ក្រហមនៃផលប្រយោជន៍ជាតិរបស់ខ្លួនជាធំតែប៉ុណ្ណោះ៕

