ភ្នំពេញ ៖ នារីជាបុគ្គលិកលក់កាហ្វេម្នាក់ ខណៈដែលទៅខ្ចីលុយមិត្តភក្តិ រវល់តែចូលក្នុងបន្ទប់ ចេញមកវិញជនសង្ស័យលួចម៉ូតូ ហុងដា Beat ទៅបាត់ កាលពីវេលាម៉ោង២និង២៨នាទីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមុខផ្ទះលេខ៦១បេ ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកនារីរងគ្រោះ ឈ្មោះ ហុឹម ស្រីណុច អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកលក់កាហេ្វ ក្បែរអង់តែនទួលគោក ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា Beat ពណ៌ស លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HS-4193 ត្រូវបានដកហូតមកវិញ ។


តាមនារីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ទៅរកខ្ចីលុយមិត្តភក្តិចំនួន១០០ដុល្លារ ត្រង់ចំណុចខាងលើ រវល់តែចូលជួបមិត្តភក្តិក្នុងបន្ទប់ ចេញមកវិញត្រូវបានជនសង្ស័យលួចម៉ូតូបាត់ពីមុខបន្ទប់ ដល់ព្រឹកឡើងទើបប្តឹងសមត្ថកិច្ច ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបណ្តឹងពីនារីរងគ្រោះ ភ្លាមៗចាត់វិធានការស្រាវជ្រាវ ទីបំផុតនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ចាប់ខ្លួនជនសង្ស័យបាន និងដកហូតម៉ូតូមកវិញ ។
ជនសង្ស័យត្រូវបានឃាត់នាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូ សមត្ថកិច្ចសុំគោលការប្រគល់ជូននារីរងគ្រោះយកទៅប្រើប្រាស់វិញ ៕
អត្ថបទ៖ តាតុងសែនជ័យ

