ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៥ នាក់ បន្ទាប់ពីឃើញវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គម ករណីហិង្សាដោយចេតនា បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
ករណីនេះបានកើតឡើងនៅប្រមាណម៉ោង ២៣:២៤ នាទីយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមជនសង្ស័យបានប្រើកាំបិត និងដុំថ្ម ដេញវាយប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតម៉ូតូមួយគនរឿង ផាសអេបមួយគ្រឿង និងបែកកញ្ចក់ផ្ទះមួយកន្លែង។

ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ២ នាក់ ទី១ឈ្មោះ ប៊ុន សីហា អាយុ ២០ ឆ្នាំ និងទី២ឈ្មោះ យ៉ែម ម៉ាក់ អាយុ ២៩ ឆ្នាំ ។ លុះនៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២៥ កម្លាំងសម្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន៤ នាក់ទៀត ទី១ឈ្មោះ ឌី សៀវពិញ អាយុ១៥ ឆ្នាំ។ទី២ឈ្មោះ យា នីសិទ្ធ អាយុ១៨ ឆ្នាំ។ ឈី៣ឈ្មោះ ខុន វាសនា១៨ ឆ្នាំ និងទី៤ឈ្មោះខា តាំងអ័រ អាយុ១៧ ឆ្នាំ ក្នុងនោះឈ្មោះ យា នីសិទ្ធ ត្រូវបានរកឃើញមានសារធាតុញៀនជាប់ខ្លួន និងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងប្រតិបត្តិការណ៍ខាងលើ សម្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ១ គ្រឿង,កាំបិត ២ ដើម,កន្ត្រៃ ២ ដើម, សោម៉ាឡែត ១ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់ បានសារភាពថា ពួកគេពិតជាបានចូលរួមធ្វើអំពើហិង្សា និងប្រើសារធាតុញៀនពិតមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកផ្សេងៗទៀត ដែលកំពុងរត់គេចខ្លួន៕

អត្ថបទ៖ ចតុម្មុខ

