ប្រធានាធិបតីចិន បញ្ជាឱ្យប្រមូលកម្លាំងសង្រ្គោះបន្ទាន់ ក្រោយមនុស្សស្លា.ប់កើនដល់ ៤៤នាក់ និងបាត់ខ្លួនជិត៣០០នាក់ ក្នុងអគារអាផាតមិនភ្លើងឆេះកណ្ដាលក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Amarin TV នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍អំពីវឌ្ឍនភាពនៃគ្រោះអគ្គិភ័យឆាបឆេះអគារអាផាតមិននៅតំបន់ Wang Fuk Court របស់ហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន ថា ក្រុមមន្ត្រីសង្គ្រោះកំពុងបង្កើនល្បឿនក្នុងការគ្រប់គ្រងអគ្គិភ័យដ៏ធំនេះ ដែលវាបានឆក់យកជីវិតមនុស្សយ៉ាងតិច ៤៤នាក់ និងបណ្ដាលឱ្យមានអ្នករបួសធ្ងន់ ៤៥នាក់ ខណៈមនុស្សរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងស្ថានការណ៍កុំឱ្យបន្ដឆាបឆេះ រួមទាំងព្យាយាមធ្វើយ៉ាងណាកាត់បន្ថយចំនួនអ្នករបួស និងអ្នកស្លាប់។



មន្ត្រីពន្លត់អគ្គិភ័យបានថ្លែងថា ដោយសារអគ្គិភ័យនេះឆេះខ្លាំងពេកអាជ្ញាធរបានប្រមូលមន្ត្រីពន្លត់អគ្គិភ័យជាង ៨០០នាក់ ដើម្បីទប់ទល់ និងជួយបាញ់ពន្លត់អគ្គិភ័យដែលមានកម្រិតធ្ងន់ធ្ងរបំផុតរបស់ហុងកុងនេះ។ គិតមកដល់ពេលនេះ ភ្លើងដែលឆេះអគារ ៤ខ្នង ត្រូវបានគ្រប់គ្រងបានហើយ ប៉ុន្តែអគារ ៣ខ្នងទៀតនៅតែបន្តឆាបឆេះ។ ស្ថានភាពនៅកន្លែងកើតហេតុស្ថិតនៅក្នុងសង្កាត់ Tai Po ដែលជាតំបន់លំនៅឋាននៅភាគខាងជើងនៃទីក្រុង ដោយយោងតាមរបាយការណ៍របស់មន្ត្រីពន្លត់អគ្គិភ័យនៅម៉ោងប្រហែល ៦:០០ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នេះថា មានរបាយការណ៍អ្នកបាត់ខ្លួនចំនួន ៧២នាក់ បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកបាត់ខ្លួនកើនដល់ ២៧៩នាក់។






បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ (Xinhua) បានរាយការណ៍ថា ប្រធានាធិបតី ស៊ី ក៏បានស្នើសុំឱ្យរដ្ឋាភិបាលមូលដ្ឋានដទៃទៀតជួយដល់ទីក្រុងហុងកុងផងដែរ ដោយសារទីក្រុងនេះកំពុងប្រឈមមុខនឹងគ្រោះអគ្គិភ័យឆេះលំនៅឋានដ៏អាក្រក់បំផុតចាប់តាំងពីការឆេះអគារមួយនៅឆ្នាំ១៩៦២ ឬក្នុងរយៈពេល ៥៣ឆ្នាំកន្លងទៅ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៤៤នាក់។ គេរំពឹងថា ប្រតិបត្តិការពន្លត់អគ្គិភ័យនឹងបន្តរហូតដល់ល្ងាចនេះ ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានន័យថា វាបានឆាបឆេះអស់រយៈពេលជាង ២៤ម៉ោងទៅហើយ បន្ទាប់ពីភ្លើងចាប់ផ្តើមឆាបឆេះកាលពីវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃម្សិលមិញ (ម៉ោងក្នុងស្រុក)។

ចំពោះមូលហេតុនៃការឆាបឆេះអគ្គិភ័យវិញ មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់ភ្លាមៗនៅឡើយទេ ប៉ុន្តែគេដឹងថា អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពីសម្ភារសំណង់ដែលងាយឆេះ និង ឫស្សី ដែលគ្របដណ្តប់លើអគារទាំងនោះសម្រាប់ការជួសជុល ហើយបានរកឃើញបន្ទះស្នោនៅតាមបង្អួចមួយចំនួនដែរ។
សូមជម្រាបថា តំបន់អាផាតមិនខាងលើនេះ មានអគារខ្ពស់ៗនៅក្បែរៗគ្នា ហើយមានប្រជាជនប្រមាណជាជិត ៥,០០០នាក់រស់នៅទីនោះ ដោយភាគច្រើនជាមនុស្សចាស់ ហើយសុទ្ធតែជាក្រុមគ្រួសាររស់នៅតជំនាន់ផងដែរ៕

