កំពង់ស្ពឺ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបើកវគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម នៅទីស្នាក់ការសាខាខេត្ត ក្រោមអធិបតីភាព លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍សាខា។ ដោយមានការចូលរួមពីសមាជិកឯកទេសតាមមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន ៣៥ នាក់ ក្នុងនោះ ស្រី ១២ នាក់។

ក្នុងកម្មវិធីនេះ លោក លោកស្រី គ្រូបង្គោលសាខា បានបង្រៀនអំពីវិជ្ជាសង្គ្រោះបឋម ដើម្បីជួយបង្កើនជំនាញក្នុងការឆ្លើយតបឆាប់រហ័សពេលមានគ្រោះអាសន្ន មុនពេលក្រុមគ្រូពេទ្យជំនាញ និងរថយន្តសង្គ្រោះមកដល់។ ការបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ បន្ធូរបន្ថយការឈឺចាប់ និងជួយរក្សាជីវិតជនរងគ្រោះឱ្យទាន់ពេលវេលា។

លោកស្រី ប៉ោក សេដ្ឋា បានបញ្ជាក់ថា វគ្គនេះគឺជាជំហានសំខាន់ក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពក្រុមការងារជំនាញសង្គ្រោះបឋម ដើម្បីអនុវត្តភារកិច្ចមនុស្សធម៌ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។ លោកស្រីបានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់សិក្សា និងចែករំលែកបទពិសោធន៍ ដើម្បីឱ្យវគ្គនេះទទួលបានលទ្ធផលដូចការរំពឹងទុក និងអាចអនុវត្តបានពិតប្រាកដនៅក្នុងសហគមន៍។

Share.