ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្លំខ្លួនចូលទៅក្នុងមន្ទីរពេទ្យ ធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ក្រុមគ្រួសារអ្នកជម្ងឺ ផ្អើលឆោឡោ សន្តិសុខឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ព្យាបាលអ្នកជម្ងឺ អគារG នៃមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ១១០ ក្រុមទី៥៣ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រ ចំរិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិភាគតិចទំពួន សញ្ជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិទៀន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។ ចំណែកជនរងគ្រោះឈ្មោះ ជួន ចិត្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទូរស័ព្ទដែលជនសង្ស័យលួច ម៉ាក OPPO ស៊េរីA53 ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យចូលទៅក្នុងមន្ទីរពេទ្យ ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ផ្អើលឆោឡោ សន្តិសុខឃាត់ខ្លួនបាន រាយការណ៍ទៅសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

Share.