កម្មវិធីបុណ្យរំលឹកគុណអង្គរ លើកទី៥នេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនដែលបានទៅចូលរួមអាចរាប់បាត្រព្រះសង្ឃ ចំនួន១៣៣អង្គដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។

អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកនាថ្ងៃទី១៤នេះ ក៏នឹងបើកឱ្យសាធារណជនទូទៅចូលរួមដាក់បាត្រព្រះសង្ឃ ចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨៖៣៥ នាទីព្រឹកតទៅ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។ សម្រាប់សាធារណជនដែលមានចំណាប់អារម្មណ៍ចូលរួម សូមមេត្តាទំនាក់ទំនង កញ្ញា ជា ជូអេង តាមរយៈលេខទូរសព្ទ ០៨៩ ៣៥៤ ០០០ ដើម្បីទទួលយកបណ្ណអនុញ្ញាតចូលរួមពិធី ឬអាចមកទទួលផ្ទាល់អំឡុងពេលប្រារព្ធពិធី នៅទីតាំងត្រួតពិនិត្យសំបុត្រច្រកចូលខាងលិចនៃប្រាសាទអង្គរវត្ត។

ក្នុងន័យដើម្បីឱ្យពិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា ប្រាសាទអង្គរវត្ត តាមច្រកស្ពានហាលខាងលិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពិធីចប់រួចរាល់។ ក្នុង អំឡុងពេលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូល-ចេញទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែត ទឹកជាបណ្តោះអាសន្នជំនួសវិញ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

