នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាសញ្ញាណព្រមានយ៉ាងធ្ងន់ធ្ងរ និងជាការបង្ហាញជំហរមិនរុញរាចំពោះមុខការរំលោភបំពានរបស់ភាគីថៃ។ ការដែលអាជ្ញាធរ និងយោធាថៃ ព្យាយាមលូកដៃចូលមកចាត់ចែង បំភ្លៃទម្រង់ ឬសាងសង់អ្វីៗនៅលើប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាទង្វើខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាការមើលងាយដល់អធិបតេយ្យភាពជាតិខ្មែរដែលមិនអាចអត់ឱនឱ្យបាន។

នៅក្នុងសេចក្ដីប្រកាសថ្មីនេះបានបញ្ជាក់ថា ជាការពិតដែលមិនអាចប្រកែកបានថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពេញលេញ យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ការដែលភាគីថៃព្យាយាមប្រើប្រាស់កម្លាំងយោធាដើម្បីការពារការសាងសង់ ឬការបន្លំអភិរក្សដោយឯកតោភាគីលើទឹកដីអ្នកដទៃ គឺជាសកម្មភាពចោរលួចបន្លំភស្តុតាងក្នុងបំណងលេបត្របាក់បេតិកភណ្ឌដួងព្រលឹងខ្មែរ។

ក្រសួងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងយោធាមកឈរជើង និងរារាំងការចូលទៅគ្រប់គ្រងរបស់ម្ចាស់ផ្ទះគឺជាកម្ពុជា ដែលជាទង្វើដែលផ្ទុយស្រឡះពីស្មារតីជាប្រទេសជិតខាងល្អ។ យោធាថៃមិនគួរត្រូវបានប្រើប្រាស់ដើម្បីមកបិទបាំងសកម្មភាពបំផ្លិចបំផ្លាញរចនាសម្ព័ន្ធប្រាសាទខ្មែរនោះទេ។ របាយការណ៍ស្ដីពីការខូចខាតដែលកើតឡើងដោយសារសកម្មភាពខុសច្បាប់របស់ថៃ គឺជាសក្ខីកម្មបង្ហាញថា ភាគីថៃមិនមែនមានបំណងអភិរក្សនោះទេ ប៉ុន្តែគឺជាការបំផ្លាញដើម្បីលុបបំបាត់អត្តសញ្ញាណដើមរបស់ខ្មែរទៅវិញទេ។

សេចក្តីប្រកាសព័ត៌មាន​ ក្រសួងវប្បធម៌បញ្ជាក់ថា កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាមិនអាចទទួលយកបាននូវរាល់ការចុះបញ្ជី ឬការជួសជុលណាមួយដែលធ្វើឡើងដោយគ្មានការយល់ព្រមពីកម្ពុជា។ នេះគឺជាសារដាស់តឿនទៅកាន់ពិភពលោក និងស្ថានប័នអន្តរជាតិពាក់ព័ន្ធឱ្យមើលឃើញពីមហិច្ឆតារបស់ថៃ ដែលព្យាយាមកេងចំណេញ​លើ​សម្បត្តិ​បេតិកភណ្ឌរបស់កម្ពុជា។ ការទាមទារឱ្យបញ្ឈប់សកម្មភាពភ្លាមៗ មិនមែនគ្រាន់តែជាការការពារប្រាង្គសិលា​ប្រាសាទនោះទេ ប៉ុន្តែគឺជាការការពារ កិត្តិយសជាតិ។

ក្រសួងសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីថៃត្រូវភ្ញាក់រលឹក និងគោរពច្បាប់អន្តរជាតិឱ្យបានខ្ជាប់ខ្ជួន។ ការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើឯកសារប្រវត្តិសាស្ត្រដែលពិភពលោកទទួលស្គាល់ គឺជាផ្លូវតែមួយគត់ដើម្បីរក្សាស្ថិរភាពតាមព្រំដែន។ ប្រសិនបើភាគីថៃនៅតែបន្តផ្គើននឹងការតវ៉ារបស់កម្ពុជា ពួកគេនឹងត្រូវប្រឈមមុខនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសដែលរំលោភបំពានលើបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាកេរមរតកដូនតាខ្មែរ មិនមែនជាកម្មវត្ថុសម្រាប់ការពិសោធន៍មហិច្ឆតាទឹកដីរបស់យោធាថៃនោះឡើយ។ ក្រសួងវប្បធម៌ ទទូចឱ្យភាគីថៃត្រូវតែដកកម្លាំង និងបញ្ឈប់សកម្មភាពរំលោភបំពានទាំងអស់ជាបន្ទាន់៕

Share.