ថ្មីៗនេះប្រទេសចិន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ​ប្រព័ន្ធ 10G (Broadband) ទូទាំងប្រទេសជាលើកដំបូងបង្អស់នៅលើពិភពលោក ដែលអាចផ្តល់ល្បឿនទាញយកភាពយន្ត 4K មួយពេញលេញបានក្នុងរយៈពេលតិចជាង ២០ វិនាទី។

បណ្តាញអ៊ីនធឺណិតជំនាន់ថ្មីនេះ មានល្បឿនលឿនជាងល្បឿនមធ្យមសកលបច្ចុប្បន្នដល់ទៅដប់ដង (10 ដង) និងជាការលោតផ្លោះដ៏សំខាន់មួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ពាក្យ “10G” នៅក្នុងបណ្តាញនេះ តំណាងឱ្យ ១០ ជីហ្គាប៊ីតក្នុងមួយវិនាទី (10 gigabits per second)។ នេះមានន័យថា ទិន្នន័យធ្វើដំណើរក្នុងល្បឿនដ៏មិនគួរឱ្យជឿ ដែលកាត់បន្ថយភាពរអាក់រអួល (lag) ការរង់ចាំ (buffering) និងការចំណាយពេលយូរក្នុងការរង់ចាំ។

ល្បឿនបែបនេះ នឹងផ្លាស់ប្តូររបៀបដែលមនុស្សធ្វើការ រៀនសូត្រ លេងហ្គេម និងប្រើបញ្ដាញអនឡាញ (Stream Media)។

មិនដូចបណ្តាញ 5G ចល័ត ដែលផ្តោតលើស្មាតហ្វូន និងសញ្ញាឥតខ្សែទេ បណ្តាញអ៊ីនធឺណិត 10G (Broadband) នេះត្រូវបានរចនាឡើងសម្រាប់គេហដ្ឋាន អាជីវកម្ម និងទីក្រុងឆ្លាតវៃ (Smart Cities)។

វាផ្តល់នូវស្ថិរភាព និងកម្លាំងចាំបាច់សម្រាប់កម្មវិធីកម្រិតខ្ពស់ ដូចជា ឧបករណ៍ AI ការគណនាលើលំហ (Cloud Computing) ការវះកាត់ពីចម្ងាយ (Remote Surgery) និងការពិតនិម្មិត (Virtual Reality)។

គម្រោងនេះត្រូវបានបញ្ចប់ដោយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសចិនក្នុងរយៈពេលដ៏ខ្លីបំផុត។ វាបានរួមបញ្ចូលទាំងការដំឡើងស្ថានីយ៍មូលដ្ឋាន (Base Stations) រាប់ពាន់កន្លែង និងផ្ទះរាប់លានខ្នងដែលបានភ្ជាប់រួចហើយ។

ឥឡូវនេះ អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍នៃការទាញយកស្ទើរតែភ្លាមៗ ការមើលភាពយន្តក្នុងកម្រិត Ultra-High-Definition និងការទំនាក់ទំនងកាន់តែរលូន។

អ្នកជំនាញជឿថា ការដាក់ឱ្យដំណើរការនេះ នឹងធ្វើឱ្យប្រទេសចិនឈានមុខគេក្នុងការប្រណាំងឌីជីថលសកល។ បណ្តាប្រទេសផ្សេងទៀតនៅតែស្ថិតក្នុងដំណាក់កាលសាកល្បង ចំណែកឯប្រទេសចិនកំពុងផ្តល់ល្បឿនទាំងនេះដល់សាធារណជនរួចជាស្រេច។

បណ្តាញអ៊ីនធឺណិត 10G ក៏អាចជំរុញរលកនៃការច្នៃប្រឌិតបន្ទាប់ទៀតផងដែរ។ ជាមួយនឹងអ៊ីនធឺណិតលឿន និងគួរឱ្យទុកចិត្តបែបនេះ សេវាកម្ម និងឧស្សាហកម្មឌីជីថលថ្មីៗត្រូវបានរំពឹងថានឹងរីកចម្រើនយ៉ាងឆាប់រហ័ស។ វិស័យអប់រំ ថែទាំសុខភាព ការកម្សាន្ត និងអាជីវកម្ម នឹងទទួលបានអត្ថប្រយោជន៍ពីមូលដ្ឋានគ្រឹះនេះទាំងអស់គ្នា។

ដូចនេះ ប្រទេសចិន បានធ្វើឱ្យពិភពលោកមើលឃើញថា អ៊ីនធឺណិតនៃអនាគតលែងជាគម្រោងទៀតហើយ គឺវាបានចាប់ផ្តើមដំណើរការរួចទៅហើយ៕

Share.