ព្រៃវែង – នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។

ជំនួបនេះបានធ្វើឡើងក្នុងឱកាសនៃការអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែងរបស់កម្ពុជា) – តឹនណាម (ខេត្តតៃនិញរបស់វៀតណាម)។

ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម ផាម មិញជិញ ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការធានាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

កសាងតំបន់ព្រំដែនសន្តិភាព និងមិត្តភាព

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

សម្តេចធិបតីក៏បានកោតសរសើរចំពោះការអភិវឌ្ឍរបស់វៀតណាម និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រោះទឹកជំនន់នៅប្រទេសវៀតណាម ដែលបានបណ្ដាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងខូចខាតទ្រព្យសម្បត្តិផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្ដោតលើវិស័យសំខាន់ៗរួមមាន៖

  • នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ
  • ការពារជាតិ និងសន្តិសុខ
  • អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, ទេសចរណ៍
  • ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន
  • ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ

លើសពីនេះ សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕

អត្ថបទ៖ត្រយង

Share.