ភ្ជាប់ជាមួយ វីដេអូ និងរូបភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាំលោកអនុធីនទទួលទានអាហារនៅភោជនីយដ្ឋានមួយ កាលពីលោកនៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ពោលគឺមិនទាន់ឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រី, សម្ដេចតេជោ ហ៊ុន សែន បានសរសរថា «មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅ នៃសន្លឹកឆ្នោត នាពេលខាងមុខ គឺហ៊ានប្រើជិវិតកងទ័ព និងប្រជាជន ដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបត។»


សម្ដេចបន្តថា ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភ័ក្ដិ ដល់ពេលបានឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព។ សម្ដេចថា យើងយល់ពីការស្រឡាញ់ជាតិតែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះទេ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នងស្រុកថៃនាពេលកន្លងមក, រដ្ឋាភិបាលថៃបច្ចុប្បន្ន ដឹកនាំដោយលោក អុនធីន ឆានវីរៈគុល ក្នុងអំណាចជានាយករដ្ឋមន្ត្រី កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ និងមានក្តីបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់សំឡេងឆ្នោត ដែលនឹងត្រូវជ្រើសរើសនាអាណត្តថ្មី បន្ទាប់ពីរដ្ឋាភិបាលនេះមិនអាចដោះស្រាយវិបត្តិគ្រោះមហន្តរាយទឹកជំនន់ដ៏សាហាវឃោឃៅនៅស្រុក ហាដយ៉ៃ ខេត្តស៊ុងក្លា ដោយមានភាពយឺតយ៉ាវមិនទាន់ពេលវេលា បណ្ដាលឱ្យចំនួនប្រជាពលរដ្ឋដេកស្លាប់ អត់អាហារថ្នាំសង្កូវ និងលង់ទឹកស្លាប់កើនឡើងជាបន្តបន្ទាប់។





តាមរយៈសារសម្ដេចតេជោ, អនុធីន ទំនងប្រើជម្លោះព្រំដែនជាមួយកម្ពុជាដើម្បីទាក់ទាញរកសន្លឹកឆ្នោត ខណៈបន្តស្ងប់ស្ងាត់ជាមួយមីយ៉ានម៉ា បើទោះកងទ័ពមីយ៉ាន់ម៉ាផ្លោងចូលទឹកដីខ្លួន ជាច្រើលើកច្រើនសា បណ្ដាលឲ្យរងការខូវខាត និងគំរាមកំហែងអាយុជីវិតកងទ័ព និងជនស៊ីវីលក៏ដោយ៕

