ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា-ថៃ គោរពទាំងស្រុងនូវបទឈប់បាញ់ បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេស២ បានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

យោធាថៃ បានបើកការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកម្ពុជាមុន ដោយបានរំលោភលើបទឈប់បាញ់ និងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព ដែលប្រទេសទាំង២ បានចុះហត្ថលេខាកាលពីខែ តុលា កន្លងទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានប្ដូរវេនអាស៊ាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ជាសាក្សី។


ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាបន្តការបញ្ឈប់អំពើហិង្សា ហើយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ»៕

