មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តរតនគីរី បានធ្វើការផ្ទៀងផ្ទាត់ព័ត៌មានភូមិសាស្រ្ត (តាមផែនទី) និងបានចុះទៅត្រួតពិនិត្យអង្កេតលើទីតាំផ្ទាល់ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ផេកហ្វេប៊ុកឈ្មោះ Sokmil Minh កាលពីពេលថ្មីៗកន្លងមកនេះ ថាមានករណីកាប់ឈើនៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ជារឿងមិនពិត។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា សូមបញ្ជាក់ជូនថាករណីសេចក្តីរាយការណ៍ខាងលើគឺ ជាសកម្មភាពឈូសឆាយដី ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នុភាព សូភី អ៉ីន វេស មេន ក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាស និងស្រុកតាវែង ខេត្តរតនគិរី។ ជាមួយគ្នានេះ ក្រុមមន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិវីរៈជ័យ បន្តតាមដានសកម្មភាពឈូសឆាយ និងការប្រមូល របស់ក្រុមហ៊ុនមិនឲ្យចូល ក្នុងដែនតំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង សូមម្ចាស់ផេកខាងលើបញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត និងនាំឱ្យសាធារណជនមានការភាន់ច្រឡំ លើសកម្មភាពជាក់ស្តែង និងការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់សមត្ថកិច្ច ក្នុងនោះ មានគណៈបញ្ជាការកងឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលកំពុងធ្វើការការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕
អត្ថបទ៖ ចតុម្មុខ

