គិតចាប់តាំងពីឆ្នាំ១៩៤៨មក ទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ(UN)ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក។ ទិវាជា សកលមួយនេះ ត្រូវបានរៀបចំឡើងក្នងន័យជំរុញឲ្យមានការគោរព ការពារ និងបំពេញសិទ្ធិរបស់មនុស្សគ្រប់រូប។
នៅថ្ងៃទី១០ធ្នូឆ្នាំ២០២៥នេះ ដែលពិភពលោកប្រារព្ធនិងអបអរទិវាសិទ្ធិមនុស្ស ប្រជាជនកម្ពុជាគួរតែទទួលបានឱកាសបានចូលរួមអបអរ ទិវានេះជាមួយនឹងពិភពលោក ដែរ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនកម្ពុជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បែរជាត្រូវរងនូវការបាញ់ផ្លោង ការទម្លាក់គ្រាប់បែកបណ្តាលឲ្យបាត់បង់ជីវិតនិងរបួស ព្រមទាំងត្រូវបង្ខំចិត្តចាកចោលភូមិនិងលំនៅដ្ឋានដែលជាជម្រក ដ៏ក្តៅរបស់ខ្លួនទៅវិញ។
សោកនាដកម្មដ៏គួរឲ្យឈឺចាប់បំផុតចំពោះពលរដ្ឋខ្មែរ នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺបណ្តាលមកពីសង្គ្រាមឈ្លានពានដែលបង្កឡើងដោយយោធាថៃ តាមបញ្ជារបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោក អនុទិន ឆានវីរ៉ាកុល (Anutin Charnvirakul )។គិតត្រឹមថ្ងៃនេះ(១០ធ្នូ)មានរយៈពេល៣ថ្ងៃមកហើយ គិតចាប់តាំងយោធាថៃផ្តើមការវាយប្រហារនិងឈ្លានពាចូលទឹកដីកម្ពុជាជាថ្មីនៅថ្ងៃទី៨ខែធ្នូពេលគឺ២ថ្ងៃមុនការឈានចូលមកដល់នៃ ទិវាសកលជាប្រវិត្តិសាស្ត្រដែលបង្កើតឡើងដោយ UN និងដែលតំណាងឲ្យ ការប្តេជ្ញាចិត្តជា សកល ក្នុងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សជាតិទាំងអស់។
សង្គ្រាមឈ្លានពានរបស់ក្រុមយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជានារយៈពេលចុងក្រោយនេះ គឺជាទង្វើដ៏ព្រៃផ្សៃនិងជាការបំពានទាំងស្រុងទៅលើ ច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយដែលមិនគួរកើតមាននៅក្នុងយុគសម័យជឿនលឿននេះឡើយ។

បើពិនិត្យមើលទៅលើគោលការណ៍សិទ្ធិមនុស្សសង្គ្រាមឈ្លានពានដែលបង្កឡើងដោយមេដឹកនាំនិងក្រុមយោធាថៃមកលើកម្ពុជានាពេលនេះបាននិងកំពុងតែធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដូចជា៖
១. ការរំលោភសិទ្ធិរស់រានមានជីវិត
តាមរបាយការណ៍នានាបង្ហាញថា ក្រោមការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយមិនរើសមុខទៅលើទីក្រុង និងភូមិដ្ឋាននានាក្នុងដែនអធិបតេយ្យរបស់កម្ពុជា បណ្តាលឲ្យមានការស្លាប់ និងរបួសដល់ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់(កុមារ ស្ត្រី មនុស្សចាស់ជរា)ជាបន្តបន្ទាប់។
២. វិបត្តិជនភៀសខ្លួន និងការផ្លាស់ទីលំនៅ
ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ តំបន់ព្រំដែនដែលធ្លាប់តែសុខសាន្តនិងមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាជាបន្តបន្ទាប់នោះ ប្រែក្លាយទៅជាតំបន់ អសន្តិសុខដែលបង្ខំឲ្យប្រជាជនត្រូវជម្លៀសខ្លួនចាកចោលផ្ទះសម្បែងភូមិឋានរបស់ខ្លួន ដែលជាការរំលោភបំពានលើគោលការណ៍ សិទ្ធិរស់នៅក្នុងទីលំនៅប្រកបដោយសុវត្ថិភាព។
៣. ការរំលោភសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
សិទ្ធិទទួលបានការអប់រំ៖ សាលារៀនជាច្រើននៅតាមតំបន់ព្រំដែន ត្រូវបិទទ្វារឬត្រូវបានប្រើជាទីជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន។ ការរំខាននេះបានប៉ះពាល់ដល់ សិទ្ធិទទួលបានការអប់រំរបស់កុមាររាប់ពាន់នាក់។
- សិទ្ធិទទួលបានសេវាសុខភាព៖ ការវាយប្រហារបានធ្វើឱ្យការចូលទៅកាន់សេវាសុខាភិបាលមានការលំបាក ហើយការភ័យខ្លាចបង្កឱ្យមាន ផលប៉ះពាល់ផ្លូវចិត្ត ដល់ជនរងគ្រោះ និងសហគមន៍ទាំងមូល។
- ការរំខានជីវភាពរស់នៅ៖ កសិករ និងអ្នករកស៊ីតាមព្រំដែន មិនអាចធ្វើការងារបានធម្មតា ដោយសារការភ័យខ្លាចពីការប៉ះទង្គិច ដែលរំលោភលើ សិទ្ធិធ្វើការងារ និងសិទ្ធិទទួលបានកម្រិតជីវភាពសមរម្យ។
- ការខូចខាតបេតិកភណ្ឌវប្បធម៌៖ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ បាន បណ្តាលឲ្យមានការខូចខាតដល់ប្រាសាទបុរាណដូចជាប្រាសាទព្រះវិហារ ប្រាសាទតាក្របីរួមទាំងទីអារាមនានាផងដែរ។

ជារួមមកវិញ រាល់សកម្មភាពរបស់យោធាថៃក្រោមបញ្ជារបស់លោកអនុទិន ឆានវីរ៉ាកុល (Anutin Charnvirakul )នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍សកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលទាមទារឲ្យអង្គការសហប្រជាជាតិពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដែលមានតួនាទីពង្រឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សជុំវិញសកលលោក មានវិធានការជាបន្ទាន់ដើម្បីបញ្ឈប់រាល់ទង្វើរំលោភបំពានទាំងកម្រោលរបស់ភាគីថៃ។
កម្ពុជាត្រូវការសន្តិភាព ដែលសន្តិភាពនេះគឺជាសិទ្ធិមនុស្សដ៏ខ្ពង់ខ្ពស់បំផុត។ ការឈ្លានពានគឺជាការបដិសេធសិទ្ធិនោះ។ មានតែតាមរយៈការគោរពគ្នាទៅវិញទៅមក និងការអនុវត្តច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបពិភពលោកអាចសម្រេចបាននូវសុវត្ថិភាព និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប៕
អត្ថបទ៖ត្រយង
