ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមក្នុងកម្មវិធីប្រារព្ធខួបលើកទី ៧០ (១៩៥៥-២០២៥) នៃការចូលជាសមាជិក អ.ស.ប. របស់ក្រុមប្រទេសចំនួន ១៦ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពិធីអបអរសាទរនេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «៧០ ឆ្នាំនៃភាពជាដៃគូ៖ គាំទ្រពហុភាគីនិយមសម្រាប់អនាគតរួម និងប្រកបដោយចីរភាព» នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។


នៅក្នុងសេចក្តីថ្លែងការណ៍របស់កម្ពុជា ឯកឧត្តម កែវ ឈា បានគូសបញ្ជាក់យ៉ាងច្បាស់អំពី គោលការណ៍នៃធម្មនុញ្ញអ.ស.ប. ដែលត្រូវបានរៀបចំដើម្បីការពារគ្រប់ប្រទេសទាំងអស់, បញ្ជាក់ជាថ្មីពីការប្តេជ្តាចិត្តឥតងាករេរបស់កម្ពុជាចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ, ប្រកាសថ្កោលទោសការប្រើប្រាស់កម្លាំង ហើយបានគូសបញ្ជាក់ច្បាស់ថា រាល់ការញុះញង់នានា ឬលេសដើម្បីប្រើកម្លាំងទ័ព គឺជាការរំលោភលើនិយាមតំបន់និងអន្តរជាតិ។

ជាផ្នែកមួយនៃពិធីអបអរសាទរខួប ៧០ ឆ្នាំនេះ ប្រទេសទាំង ១៦ ក៏បានដាក់ចេញនូវ តែមប្រៃសណីយ៍របស់ អ.ស.ប. ដែលបង្ហាញពីខួបប្រវត្តិសាស្ត្រនៃការចូលជាសមាជិក អ.ស.ប. របស់ខ្លួន។
ការចូលរួមរបស់កម្ពុជានៅក្នុងកម្មវិធីនេះ បានបង្ហាញពីការបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រព័ន្ធពហុភាគី និងតួនាទីរបស់ អ.ស.ប. ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក៕

