ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ រួមជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ធ្វើអនាម័យ សម្អាត សំណល់ផ្លាស្ទិចតាមដងផ្លូវធំៗ សំខាន់ៗ ក្នុងភូមិសាស្ត្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីឃើញមានសំណល់សំរាមផ្លាស្ទិចនៅតាមដងផ្លូវ ទើបនៅព្រឹកនេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ រួមជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ធ្វើអនាម័យ សម្អាត សំណល់ផ្លាស្ទិចតាមដងផ្លូវ ។





តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា ជាការប្រសើរហើយ ការធ្វើបរិស្ថាន សម្អាតតាមដងផ្លូវសាធារណៈ ដើម្បីបរិស្ថានក្នុងមូលដ្ឋានឱ្យប្រសើរឡើង ក៏ប៉ុន្តែកុំធ្វើ សម្អាត អនាម័យ តាមផ្លូវធំៗ សំខាន់ៗ ដែលមានប្រតិភូ អ្នកធំ ឆ្លងកាត់ ញឹកញាប់ មេត្តាជួយពិនិត្យមើលតាមផ្លូវក្នុងភូមិ ផ្លូវផ្សេងៗផង ទើបកាន់តែប្រសើរ ពលរដ្ឋថាក្នុងខណ្ឌពោធិ៍សែនជ័យ មានប្រឡាយមួយចំនួនទៀតរួមតូចខុសពីទម្រង់ដើម ហើយក៏មានប្រឡាយមេខ្លះ សំរាមចូលពេញ រកតែទឹកហូររំដោះចេញមិនកើត រាប់ខែហើយនៅមិនទាន់មានអាជ្ញាធរចុះពិនិត្យ និងមានចំណាត់ការ ដូចប្រឡាយមេមួយខ្សែ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនោះទេ បើមើលក្នុងប្រឡាយមើលពីចំងាយមួយភ្លែតប្រៀបដូចផ្ការីកដុះក្នុងប្រឡាយ តែធាតុពិតចូលឱ្យជិតទើបដឹងថា សំរាមពេញបាត់ទៅហើយ ។


ពលរដ្ឋសំណូមពរដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធមេត្តាជួយចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយមេ ចំណុចខាងលើ ទាន់តែប្រាំង ជៀសវាងភ្លៀងធ្លាក់មួយកូនមេ ជន់លិចបាត់ទៀត៕
អត្ថបទ៖ តាតុងសែនជ័យ

