រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកទីភ្នាក់សារព័ត៌មានអន្តរជាតិនានាបង្ហាញវត្តមាននៅកម្ពុជាក្នុងអំឡុងពេលយោធាថៃធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជាថា ជាសំឡេងពិត និងបាននាំយកការពិតប្រឆាំងនឹងការភូតកុហក។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់បណ្តាញផ្សព្វផ្សាព្វធំៗទាំងនោះមានដូចជា៖ទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent ជាដើម ជាពិសេសអ្នកសារព័ត៌មានជាតិកម្ពុជានានា ដែលបានចុះយកព័ត៌មានយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាខេត្តដែលជាសមរភូមិប្រយុទ្ធ។
ឯកឧត្តមបានសង្កត់ធ្ងន់ដែរថា វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើរតួនាទីមជ្ឈមណ្ឌលកណ្តាលផ្តល់ព័ត៌មានពីសមរភូមិមុខ។
ស្ថានីយវិទ្យុទូរទស្សន៍ឯកជន ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីផ្សេងទៀត បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន រួមទាំងអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកមានឥទ្ធិពលក្នុងសង្គម និងអ្នកលេងបណ្តាញសង្គម។
ឯកឧត្តមនេត្រ ភក្ត្រាបញ្ជាក់ថា កម្ពុជាបានត្រៀមទទួលស្វាគមន៍អ្នកសារព័ត៌មានអន្តរជាតិផ្សេងៗទៀតមកយកព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មានបានគិតគូរនិងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពនៃអ្នកសារព័ត៌មានអំឡុងពេលមានសង្គ្រាម។ មន្ត្រីនៃក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដំណើរចុះយកព័ត៌មាន និងធ្វើបទសម្ភាសជាមួយអាជ្ញាធរពាក់ព័ន្ធ ករណីចាំបាច់៕



អត្ថបទ៖ត្រយង
