ក្រុមហ៊ុនរថយន្តយក្សអាល្លឺម៉ង់ Volkswagen នឹងបិទប្រត្តិបត្តការរោងចក្រផលិតរថយន្តមួយរបស់ខ្លួន នៅប្រទេសអាល្លឺម៉ង់ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៨៨ឆ្នាំរបស់ខ្លួន។

ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាង Volkswagen ជាមួយក្រុមប្រឹក្សាការងារ និងសហជីពកាលពីឆ្នាំ២០២៤ ដើម្បីបញ្ឈប់មនុស្សចំនួន ៣៥ ០០០នាក់ និងកាត់បន្ថយសមត្ថភាពនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរបស់ចិន ការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារអឺរ៉ុប និងការទទួលយករថយន្តអគ្គិសនីយឺតជាងការរំពឹងទុក។
ក្រុមហ៊ុន នឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រ Dresden នៅទីក្រុង Dresden រដ្ឋធានីនៃរដ្ឋ Saxony ភាគខាងកើតប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥តតទៅ ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ៨៨ឆ្នាំរបស់ខ្លួនដែលក្រុមហ៊ុនបានបិទរោងចក្រផលិតនៅ ក្នុងទឹកដីរបស់ខ្លួនផ្ទាល់។

ការបិទរោងចក្រ Dresden កើតឡើងបន្ទាប់ពីក្រុមហ៊ុន Volkswagen បានជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ដោយសារតែការលក់មានការធ្លាក់ចុះនៃតម្រូវការ ទៅកាន់ទីផ្សាអឺរ៉ុប និងសម្ពាធលើការលក់ទៅសហរដ្ឋអាមេរិកពីពន្ធគយ។ ក្រុមហ៊ុនត្រូវផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគប្រមាណ ១៦០ពាន់លានអឺរ៉ូ (១៨៧.៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
រោងចក្រ Dresden របស់ក្រុមហ៊ុន Volkswagen បានផលិតរថយន្តតិចជាង ២០០ ០០០គ្រឿងចាប់តាំងពីវាបានចាប់ផ្តើមផលិតក្នុងឆ្នាំ២០០២។ ក្រុមហ៊ុនបានកំណត់ទីតាំងរោងចក្រ Dresden ថាជារោងចក្រដែលមានសម្ថតភាពផលិតម៉ូដែល Phaeton និងក្រោយមក ID.3។ ទោះយ៉ាងណាក៏ដោយ ម៉ូដែលទាំង ២មិនបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន Volkswagen នោះទេ។
ការបិទរោងចក្រនេះត្រូវបានគេមើលឃើញថាជាជំហានតូចមួយ របស់ក្រុមហ៊ុន Volkswagen ដើម្បីរស់រានមានជីវិតចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រទេសចិន ពន្ធរបស់សហរដ្ឋអាមេរិក ការិយាធិបតេយ្យហួសហេតុនៅក្នុងប្រទេសអាល្លឺម៉ង់ ការចំណាយថាមពលខ្ពស់ សិទ្ធិបុគ្គលិកទូលំទូលាយ និងបញ្ហាផ្ទៃក្នុងដែលមិនធ្លាប់មានពីមុនមក៕


