នៅក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់ជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនូវខ្លឹមសារដ៏ជ្រាលជ្រៅនៅពីក្រោយការសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” គ្រោងធ្វើនៅរាធានីភ្នំពេញ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិនៃការឈ្លានពាន និងភាពផុយស្រួយនៃបទឈប់បាញ់ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការគាស់រំលឹកនូវស្មារតីស្នេហាវប្បធម៌ជាតិនិងជាខឿនការពារជាតិ ដ៏រឹងមាំតាមរយៈវប្បធម៌ និងសាមគ្គីភាព។

ឯកឧត្តមហ៊ុន ម៉ានីបានសង្កត់ធ្ងន់ថា ការថែរក្សាការពារមរតកដូនតា គឺជាផ្នែកមួយនៃកាតព្វកិច្ចការពារជាតិ។ ក្នុងស្ថានភាពបច្ចុប្បន្ន ការពង្រឹងអត្តសញ្ញាណខ្មែរ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការឈ្លានពាន។ ទន្ទឹមនឹងនេះ យុទ្ធនាការ ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming ក៏នឹងក្លាយជាកម្លាំងចលករជម្រុញចរន្តសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ ដែលជាផ្នែកមួយនៃការបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងគ្រាអាសន្ន។
យ៉ាងណាមិញ អ្វីដែលជាចំណុចពិសេសបំផុតនៃព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ឆ្នាំនេះ គឺការផ្ដោតទៅលើការសម្រាលទុក្ខលំបាក និងការលើកទឹកចិត្តដូចជា ៖
១-សកម្មភាពសប្បុរសធម៌ ប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងចំណូលពីស្តង់លក់ដូរ នឹងត្រូវបរិច្ចាគដោយផ្ទាល់ជូនដល់បងប្អូនភៀសសឹក។
២-ចលនាសង្គម “១០០០០ ក្រមា” តំណាងឱ្យសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីមហាជន ផ្ញើជូនទៅកាន់អ្នកដែលកំពុងលះបង់ដើម្បីជាតិ។
៣- ស្បៀងអាហារ និងក្តីនឹករលឹក ដែលមានយុទ្ធនាការបុកអំបុក វេចអន្សម និងដុតក្រឡាន នឹងត្រូវរៀបចំឡើងដើម្បីបញ្ជូនទៅកាន់សមរភូមិជួរមុខ រួមជាមួយបណ្ណជូនពរដែលពោរពេញដោយអត្ថន័យ។

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” តាមរយៈការសម្តែងសិល្បៈលើឆាកធំ និងពិធីតាំងបង្ហាញគំនូរក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ក៏នឹងឆ្លុះបញ្ចាំងពីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងទៀតថា ពិធីសាសនាវិញ នឹងត្រូវរៀបចំឡើងយ៉ាងសមរម្យដើម្បីឧទ្ទិសកុសលដល់យុទ្ធជនដែលបានពលី និងបួងសួងសុំសេចក្តីសុខជូនមាតុភូមិ។ ការរៀបចំពិធីចូលឆ្នាំនៅតាមជំរំជនភៀសសឹក គឺជាការសបញ្ជាក់ថា «ខ្មែរមិនបោះបង់ខ្មែរ»។
សូមជម្រាបថា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ឆ្នាំ២០២៦ គឺជាវេទិកានៃការបង្ហាញសាមគ្គីភាព ឯកភាពជាតិ និងភាពធន់របស់ប្រជាជាតិខ្មែរទាំងមូល ចំពោះមុខឧបសគ្គ និងការគំរាមកំហែងពីខាងក្រៅ។ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានស.ស.យ.ក មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃស្មារតីស្នេហាជាតិដ៏មហិមា ដែលរួមចំណែកទាំងស្មារតី ថវិកា និងកម្លាំងចិត្ត ដើម្បីការពារបូរណភាពទឹកដី និងអត្តសញ្ញាណជាតិឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕

