ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សង្ខេបជូនអ្នកសារព័ត៌មាន ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងផ្នែកឌីប្លូម៉ាត និងការវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

បើតាមក្រសួងការបរទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំសំខាន់ៗ រួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ។ គោលបំណងសំខាន់នៃកិច្ចពិភាក្សាគឺ៖

  • ជំរុញឱ្យមាន បទឈប់បាញ់ជាបន្ទាន់ នៅតាមបណ្តោយព្រំដែន។
  • ស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងយន្តការដែលមានស្រាប់ (GBC, RBC, JBC)។
  • កម្ពុជាបានសម្តែងការសោកស្តាយដែលភាគីថៃនៅតែបដិសេធមិនព្រមទទួលយកបទឈប់បាញ់ បើទោះបីជាមានការសម្របសម្រួលពីបណ្តាប្រទេសអាស៊ានក៏ដោយ។

ជាមួយគ្នានេះកម្ពុជាបានរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពយោធារបស់ថៃ ដែលត្រូវបានចាត់ទុកថាជាការប្រើប្រាស់កម្លាំង “អសមាមាត្រ ឬការពារខ្លួនហួសហេតុ”៖

  • ថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 និង Gripen ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់បេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ)។
  • ការវាយប្រហារតាមអាកាសបានឈានចូលជ្រៅក្នុងទឹកដីកម្ពុជារហូតដល់ ៧០ គីឡូម៉ែត្រ ក្នុងខេត្តសៀមរាប។
  • កម្ពុជាចាត់ទុកសកម្មភាពនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី និងច្បាប់មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងការបរទេសបានបង្ហាញជំហរបន្តយ៉ាងដូច្នេះថា៖

  • កម្ពុជាគាំទ្រដល់តួនាទីរបស់ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ក្នុងការសម្របសម្រួលឱ្យមានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
  • ទោះបីជាមានភាពតានតឹង កម្ពុជានៅតែរក្សាជំហរ “អត់ធ្មត់ខ្ពស់បំផុត” និងផ្តល់អាទិភាពដល់សន្តិភាព ប៉ុន្តែបញ្ជាក់ច្បាស់ថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់កម្ពុជាគឺការស្តារ សន្តិភាពឡើងវិញ និងការការពារជីវិតមនុស្ស ក៏ដូចជាការដោះស្រាយជម្លោះតាមរយៈការចរចាដោយស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ៕

Share.