ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចរបស់ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “និយាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP)” សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងារ។

សូមុចអាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណត់យក «សមត្ថភាព និងឌីជីថល» ជាស្នូលនៃកំណែទម្រង់នគរបាលជាតិក្នុងអាណត្តិទី៧

កិច្ចប្រជុំនេះធ្វើឡើងតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យមានគុណភាព វិជ្ជាជីវៈ និងតម្លាភាព ស្របតាមច្បាប់ជាធរមាន។

ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានជំរុញឱ្យក្រុមការងារពន្លឿនការសិក្សាស្រាវជ្រាវ និងប្រមូលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីចងក្រង SOP ជាឯកសារគោលតែមួយ សម្រាប់អនុវត្តជាស្តង់ដារសម្របសម្រួលការងារបុគ្គលិក ចាប់ពីដំណាក់កាលជ្រើសរើស បណ្តុះបណ្តាល ការតែងតាំង ការវាយតម្លៃ រហូតដល់ការចូលនិវត្តន៍។

SOP ដែលកំពុងរៀបចំនេះ ត្រូវបានរំពឹងថា នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ ជួយឱ្យមន្ត្រីទទួលបន្ទុកការងារបុគ្គលិកនៅគ្រប់អង្គភាព អនុវត្តការងារបានត្រឹមត្រូវ មានសង្គតិភាព និងងាយស្រួលត្រួតពិនិត្យ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋានជំនាញពាក់ព័ន្ធនានា។

ជាការបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញទិសដៅឱ្យក្រុមការងារខិតខំសម្រេចសេចក្តីព្រាង SOP ដើម្បីដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេស និងសុំការពិនិត្យសម្រេចចុងក្រោយពីថ្នាក់ដឹកនាំក្រសួងក្នុងឆ្នាំ២០២៦ នេះ ដោយមានគោលដៅធ្វើឱ្យប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួង៕

Share.