កំពង់ចាម÷ ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារតាមបន្ទាត់ព្រំដែន ហើយតបតាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឲ្យយកចិត្តទុកដាក់ជួយដល់វីរៈកងទ័ព និងជនភៀសសឹក នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី សម ផល្លា ប្រធាន មន្ទីរព័ត៌មានខេត្តកំពង់ចាម រួមជាមួយ ក្រុមកាងារមន្ទីរព័ត៌មាន និងសប្បុរសជន បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកា មកប្រគល់ជូន លោក ចៀន ពិរុន ដែលជាទាហាន នៅភូមិភាគ២ ទៅបម្រើការងារនៅ ប្រាសាទតាក្របី ផ្នែកដឹកជញ្ជូនស្បៀនឲ្យកងទ័ព សព្វថ្ងៃកំពុងសម្រាកព្យាបាលជំម្ងឺនៅផ្ទះ ស្ថិតនៅភូមិ ចំការខ្ពប សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ក្នុងឱកាសនោះ លោកស្រី សម ផល្លា បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើ ការសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលជានិច្ចកាល សម្តេចទាំងពីរ និងឯកឧត្តម តែងតែគិតគូរ យកចិត្តទុកដាក់ ខ្វល់ខ្វាយ រាល់សុខទុក្ខរបស់វីរ:កង ទ័ពជួរមុខ និងជនភៀសសឹក គ្រប់ៗគ្នា ទីកន្លែងណាមានទុក្ខលំបាក តែងតែមានវត្តមានសម្តេចចុះជួយជានិច្ច ។



លោកស្រី សម ផល្លា បានកោតសរសើរ មាន មោទនភាពចំពោះ លោក ចៀន ពិរុន និង បងៗ វីរ:កងទ័ព ផ្សេងៗទៀត កំពុងឈរជើង ការពារតាមព្រំដែន ដោយអង់អាច ក្លាហាន ហើយហ៊ានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសជាតិ ពីការ ឈ្លានពានពីចោរសៀម មកលើដែនដីខ្មែរ ។

លោកស្រី ក៏បាន ជូនពរដល់ លោក ចៀន ពិរុន ឲ្យឆាប់ជាសះស្បើយពីជម្ងឺ ឆាប់ៗ ហើយអនុវត្ត តាមវេជ្ជបញ្ជាណែនាំរបស់លោកគ្រូ ដើម្បីឲ្យមានសុខភាពល្អ ជាម្លប់ ដល់ប្រពន្ធ កូន និងអាចវិលត្រឡប់ទៅបំពេញការងារវិញផងដែរ ៕
អត្ថបទ÷ អាចារ្យលាក់
