«យើងបានដាក់ឲ្យអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈ ប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅសង្កាត់៦ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ហើយនៅខែក្រោយនេះយើងនឹងពង្រីកបន្ដនៅ២ខណ្ឌបន្ថែមទៀត គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ មានន័យថាប្រព័ន្ធជូនដំណឹងពីគ្លិនិកឯកជន ពីសុខាភិបាល នៃកំណើតកូនមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយការងារនឹងនេះយើងកំពុងពង្រីកជាជំហ៊ានៗរហូតដល់ទូទាំងប្រទេស អាចថាចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ Sun & Moon Riverside Hotel រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ២០២៥។

ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា (ឌីជីថល) មុនគេបង្អស់តាំងពីឆ្នាំ២០២៣។ ការសាកល្បងចុះបញ្ជីតាមប្រព័ន្ធឌីជីថលនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាពនិង ការចុះបញ្ជីអាពាហ៍ពិពាហ៍។ការផ្លាស់ប្តូរពីការចុះបញ្ជីដោយដៃ មកប្រើប្រាស់ប្រព័ន្ធឌីជីថល បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋ។
លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាប១ បានរំលេចពីភាពជោគជ័យនៃដំណាក់កាលទី១ ក្នុងសង្កាត់របស់លោកស្រីថា នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៣ សង្កាត់បានអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធឌីជីថលតាមការជូនដំណឹងពីមូលដ្ឋានសុខាភិបាលក្នុងនោះសង្កាត់កាកាបទី១ ដោយនៅពេលនោះបានចុះបញ្ជីកំណើតដល់ទារិកាឈ្មោះ រិទ្ធ ស្រីពេជ្រ កើតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាទារិកាទី១ ដែលបានចុះបញ្ជីកំណើតបានដោយជោគជ័យពីប្រព័ន្ធជូនដំណឹងមូលដ្ឋានសុខាភិបាល នៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
លោកស្រីបានបន្ថែមថា ការផ្លាស់ប្ដូរពីការចុះបញ្ជីដោយសរសេរដៃ មកប្រើប្រាស់ឌីជីថល បានផ្ដល់ផលវិជ្ជមានច្រើនដូចជា ការផ្ដល់សេវាងាយស្រួលលឿនរហ័សជូនប្រជាពលរដ្ឋ កាត់បន្ថយកំហុស ដោយកម្រិតការខុសទាបបំផុត ការរក្សាទុកឯកសារទិន្នន័យបានល្អគត់មត់ជាងមុន និងរក្សាបាននូវអត្តសញ្ញាណបុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ។

លោកវេជ្ជបណ្ឌិត អ៊ុក ណារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបានលើកឡើងថា ក្នុងប្រព័ន្ធឌីជីថលថ្មីនេះ មន្ទីរពេទ្យមានតួនាទី ជូនដំណឹងតាមប្រព័ន្ធ ទៅកាន់រដ្ឋបាលសង្កាត់/ខណ្ឌភ្លាមៗ នៅពេលមានការសម្រាលកូន។ ទន្ទឹមនឹងនេះ ប្រព័ន្ធអេឡិចត្រូនិកនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការបាត់បង់ឯកសារ ឬ កំហុសទិន្នន័យ នៅពេលដែលមន្ទីរពេទ្យចេញលិខិតបញ្ជាក់កំណើតជូនឪពុកម្តាយ។
លោកវេជ្ជបណ្ឌិត បានបន្ដទៀតថា នៅពេលដែលមន្ទីរពេទ្យ (មូលដ្ឋានសុខាភិបាល) ជូនដំណឹងតាមប្រព័ន្ធទៅកាន់រដ្ឋបាលសង្កាត់/ខណ្ឌភ្លាមៗ ទិន្នន័យនៃកំណើតនោះត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យកណ្តាលរួចជាស្រេច។ នេះមានន័យថា ទោះបីជាឪពុកម្តាយបាត់បង់លិខិតបញ្ជាក់កំណើតដែលជាក្រដាសក្ដី ក៏ព័ត៌មានសំខាន់ៗ (ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត) នៅតែមាននៅក្នុងប្រព័ន្ធ ដែលអាជ្ញាធរអាចឆែកមើល និងផ្ទៀងផ្ទាត់បាន។

ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់ទទួលសេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានប្រព័ន្ធឌីជីថល បានសាទរចំពោះការដាក់ឲ្យដំណើរការប្រព័ន្ធថ្មីនេះ និងបានលើកឡើងថា មានភាពងាយស្រួល រហ័សទាន់ចិត្ត។

អ្នកស្រី ចាន់វល័ក្ដ ដែលបាននាំកូនពីរនាក់មកចុះសំបុត្រកំណើតកំពុងផ្ដល់សម្ភាសន៍បទសម្ភាសន៍ ក្រោយពីបានចុះបញ្ជីអត្រានុកូលដ្ឋានរួចនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

អ្នកស្រី ផារី ដែលមកធ្វើជាសាក្សីឲ្យអ្នកស្រី ចាន់វល័ក្ដ
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថាការដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលនេះធ្វើឲ្យដំណើរការចុះបញ្ជីមានភាព លឿនរហ័ស និង រលូន ជាងមុន ព្រោះអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានមានព័ត៌មានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីចាត់វិធានការ ជំរុញការចុះបញ្ជី តាមរយៈការជូនដំណឹង និងការតាមដានផ្សេងៗ។

ឆ្លងកាត់ការសាកល្បងនៃដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិកចាប់តាំងពីឆ្នាំ២០២៣មក លោក សក់ ច័ន្ធកញ្ញារិទ្ធិ បានទទួលស្គាល់ពីឧបសគ្គខ្លះៗក្នុងដំណាក់កាលដំបូង គឺប្រជាពលរដ្ឋមួយចំនួនមិនទាន់បានយល់ដឹងអំពីនីតិវិធីនៃការចុះបញ្ជីថ្មីនេះនៅឡើយ ហើយខ្លះទៀតបានចុះឈ្មោះនៅពេទ្យ ប៉ុន្ដែភ្លេចមកបំពេញនីតិវិធីនៅសង្កាត់។ ទន្ទឹមនឹងនេះ បញ្ហាប្រឈមខ្លាំងបំផុតមួយ គឺទាក់ទងនឹង លេខទូរសព្ទ ដែលឪពុកម្តាយខ្លះដាក់លេខខុស ឬលេខអ្នកដទៃ ដែលធ្វើឱ្យមន្ត្រីពិបាកក្នុងការទាក់ទងផ្ទាល់។ បញ្ហាប្រឈមមួយទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រងទិន្នន័យ ដោយសារប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តយកលិខិតបញ្ជាក់កំណើតដែលបានពីខណ្ឌពោធិ៍សែនជ័យទៅចុះបញ្ជីនៅស្រុកកំណើតរបស់ខ្លួនតាមបណ្ដាខេត្តវិញ ដែលជាចំណុចដែលខណ្ឌត្រូវតាមដានបន្ដ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានជ្រើសរើសខណ្ឌពោធិ៍សែនជ័យ ជា ទីកន្លែងសម្រាប់សិក្សា និងសាកល្បង ដើម្បីយកបទពិសោធន៍ ដោយសារខណ្ឌមានពលករចំណាកស្រុកច្រើន ដូច្នេះការអនុវត្តនៅខណ្ឌនេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ជាមួយគ្នានេះ លោកបានឲ្យដឹងដែរថា បន្ទាប់ពីអនុវត្តសាកល្បងកន្លងមកនេះ លោកឃើញថា មន្ត្រីសង្កាត់បាន យល់ដឹងកាន់តែច្រើន អំពីប្រព័ន្ធនេះ ហើយអគ្គនាយកដ្ឋានក៏បាន ចុះមក តាមដាន ជាប្រចាំ និងមាន វគ្គសិក្សា ដល់មន្ត្រី ដើម្បីពង្រឹងការងារផងដែរ។
លោកបានឲ្យដឹងដែរថា ការដាក់ឲ្យដំណើរការប្រព័ន្ធថ្មីនេះ មន្ត្រីសង្កាត់មានតួនាទីសកម្មក្នុងការ ហៅទូរស័ព្ទរំលឹក ឪពុកម្តាយនៅពេលជិតគ្រប់ ១ខែ (៣០ថ្ងៃ) ដើម្បីធានាថាពួកគេមកចុះបញ្ជីសំបុត្រកំណើតកូនបានទាន់ពេលវេលា។ ការខិតខំនេះបង្ហាញពីការយកចិត្តទុកដាក់របស់មន្ត្រី លើសពីតួនាទីរដ្ឋបាលតាមបែបប្រពៃណី។
ពាក់ព័ន្ធនឹងការផ្តល់សេវាជូនដល់ពលរដ្ឋ លោកថា លោកតែងតែ ណែនាំជាប្រចាំ ដល់មន្ត្រីសង្កាត់ទាំងអស់ ឲ្យរក្សា វិជ្ជាជីវៈខ្ពស់ គោរពពេលវេលាកំណត់ និងផ្តល់សេវាឱ្យមានគុណភាព លឿនរហ័សដល់ប្រជាពលរដ្ឋ។

ខណ្ឌពោធិ៍សែនជ័យ មិនត្រឹមតែជាទីតាំងសាកល្បងប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាគំរូជាក់ស្ដែងដែលឆ្លុះបញ្ចាំងពីលំហូរការងារកាន់តែរលូន លឿនរហ័ស និងការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណបុគ្គលកាន់តែច្បាស់លាស់ ដើម្បលក្ខណៈ ត្រៀមឆ្ពោះទៅរកការអនុវត្តប្រព័ន្ធឌីជីថលនេះទូទាំងប្រទេសនាពេលខាងមុខ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍បញ្ជាក់អំពីយុទ្ធសាស្ត្រនេះថា ការងារនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងដំណើរការទូទាំងរាជធានីភ្នំពេញនៅអំឡុងឆ្នាំ២០២៦ ហើយនឹងពង្រីកជាជំហានតាមបណ្ដាខេត្ត រហូតទូទាំងប្រទេសទូទាំងប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្ថែមថា អគ្គនាយកដ្ឋានដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ នឹងខិតខំបំពេញបេសកកម្មផ្ដល់សេវាឲ្យកាន់តែកៀកិតជូនប្រជាពលរដ្ឋ ប៉ុន្ដែគ្រប់សេវាទាំងឡាយក៏ទាមទារឱ្យមានករចូលរួមពីប្រជាពលរដ្ឋផងដែរ។

ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយផ្តល់សេវាសាធារណៈតាមបច្ចេកវិទ្យាឌីជីថល ឬអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ។
ការដាក់ឱ្យដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើឡើងបន្ទាប់ពីមានការចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន។ ក្នុងប្រតិបត្តិការការងារ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ត្រូវមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ។ ការចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានពីប្រព័ន្ធជូនដំណឹងសុខាភិបាលត្រូវបានដាក់ឲ្យដំណើរការសាកល្បងនៅក្នុងសង្កាត់គោលដៅចំនួន៦របស់ខណ្ឌពោធិ៍សែនជ័យ។
គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងសង្កាត់ទំាង៦របស់ខណ្ឌពោធិ៍សែនជ័យទទួលបានលទ្ធផលសរុបចំនួន ជាង១ម៉ឺន បញ្ជី។ក្នុងនោះ រួមមាន ៖ ការចុះបញ្ជីកំណើតចំនួន ៦,៩១១បញ្ជី ការចុះបញ្ជីមរណភាពចំនួន ៨៣៩បញ្ជី និងការចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ២,៩៨៤បញ្ជី។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើកិច្ចការជាងារជ្រើនដើម្បីឈានទៅសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ»៕
សូមទស្សនាវីដេអូបទយកការណ៍ខាងក្រោមនេះ៖
