ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសនៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥នេះថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃទី១៣ ហើយ ដែលកងកម្លាំងយោធាថៃបានបន្តការបាញ់ប្រហារ និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥។

បើតាមក្រសួងការពារជាតិ ទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព» ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សកម្មភាពរបស់ក្រុមយោធាថៃទាំងនោះរួមមាន៖

១. ស្ថានការណ៍នៅទិសយោធភូមិភាគទី៤ (ខេត្តឧត្តរមានជ័យ)

ចាប់ពីម៉ោង ១៧:០០ នាទីល្ងាច ថ្ងៃទី១៨ រហូតដល់ម៉ោង ០៧:០០ នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ៖

  • ម៉ោង ២០:០០ នាទីយប់ (១៨ ធ្នូ): យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រ ប្រាសាទតាមាន់ និង ដំណាក់ស្តេច។ ការបាញ់បោះនេះបានបន្តរហូតដល់ម៉ោង ០៥:០០ នាទីព្រឹក ទើបមានសភាពស្ងប់ស្ងាត់។
  • ចំពោះភូមិសាស្ត្រផ្សេងទៀតក្នុងទិសនេះ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

២. ស្ថានការណ៍នៅទិសយោធភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់)

សកម្មភាពឈ្លានពានរបស់យោធាថៃមានសភាពខ្លាំងក្លា ចាប់ពីល្ងាចថ្ងៃទី១៨ រហូតដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ៖

  • ថ្ងៃទី១៨ ធ្នូ (ម៉ោង ១៧:២៨): យោធាថៃប្រើដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រ ថ្មដា
  • ថ្ងៃទី១៩ ធ្នូ (ម៉ោង ០៤:៥៤): បាញ់រះដោយកាំភ្លើងនៅភូមិសាស្ត្រ អូរភ្លុកដំរី
  • ម៉ោង ០៥:៤១: ប្រើប្រាស់ កាំភ្លើងធំចេញពីនាវាចម្បាំង បាញ់មកលើភូមិសាស្ត្រថ្មដា។
  • ម៉ោង ០៦:០១: បាញ់ផ្លោងចូលភូមិសាស្ត្រ ភូមិព្រៃចាន់
  • ម៉ោង ០៦:៥៤: ប្រើដ្រូនខ្នាតធំហោះរំលោភដែនអាកាសនៅឃុំថ្មដា។
  • ម៉ោង ០៧:៤២: បាញ់ផ្លោងចំនួន ៥ គ្រាប់ ចូល ផ្ទះប្រជាជនស្លូតត្រង់ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។
  • ម៉ោង ០៨:៤៨: បាញ់ ផ្សែងពុល នៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ក្រសួងការពារជាតិបញ្ជាក់ថា ការវាយការពារខ្លួនរបស់កម្ពុជាគឺ “ផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ”។ ផ្ទុយទៅវិញ ភាគីថៃបានវាយប្រហារចំគោលដៅស៊ីវិល ដែលបណ្តាលឱ្យ៖

  • ប្រជាជនស្លូតត្រង់កម្ពុជាបាត់បង់ជីវិត៖ ១៨ នាក់ (ក្នុងនោះមានទារក ១ នាក់)។
  • រងរបួស៖ ៧៩ នាក់ (គិតត្រឹមម៉ោង ៦ ល្ងាច ថ្ងៃទី១៨ ធ្នូ)។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្វែរដានពីការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន។ ការប្រើប្រាស់អាវុធធុនធ្ងន់ រួមមាន យន្តហោះចម្បាំង, នាវាចម្បាំង, គ្រាប់បែកចង្កោម និងផ្សែងពុល មកលើជនស៊ីវិល និងបេតិកភណ្ឌជាតិ គឺជាសក្ខីភាពដែលបង្ហាញថា ថៃជារដ្ឋបំផ្លាញសន្តិសុខក្នុងតំបន់។

ការអំពាវនាវ និងសិទ្ធិស្វ័យការពារ

កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសឱ្យបានម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃ និងទាមទារឱ្យថៃដកកម្លាំងចេញពីដែនអធិបតេយ្យកម្ពុជាជាបន្ទាន់។

ទោះក្នុងកាលៈទេសៈណាក៏ដោយ វីរកងទ័ព និងវីរនគរបាលកម្ពុជា នៅតែបន្តឈរជើងយ៉ាងរឹងមាំ និងត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។ សូមបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើកងកម្លាំងរបស់យើង និងតាមដានព័ត៌មានផ្លូវការពីក្រសួងការពារជាតិ៕

ប្រភព៖ ក្រសួងការពារជាតិកម្ពុជា

Share.