សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ពីផែនការនៃការបង្កើតពានរង្វាន់​បាល់ទាត់​ថ្មីមួយ​មាន​ឈ្មោះ​ថា «AFC Nations League» ដែលមានគោលបំណងពង្រឹងបាល់ទាត់​ក្រុមជម្រើសជាតិ​នៅ​ទូទាំង​ទ្វីបអាស៊ី។

បើយោតាមការចេញផ្សាយដោយកាសែត The Daily Star បានបញ្ជាក់ថា​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី (AFC) បង្កើតពាន AFC Nations League នេះឡើងក្នុងគោលដំបងធំៗចំនួនបី រួមមាន៖

  • ទី១) ធានាបាននូវការប្រកួតទៀងទាត់ និងមានអត្ថន័យក្នុងអំឡុងពេលប្រកួតអន្តរជាតិរបស់ FIFA
  • ទី២) បង្កើតការប្រកួតដែលមានតុល្យភាពតាមរយៈការប្រកួតប្រជែងជាលំដាប់ៗ
  • ទី៣) កែលម្អស្ថេរភាពប្រតិទិន និងប្រសិទ្ធភាពចំណាយសម្រាប់សមាគមសមាជិកទាំងអស់
  • ទី៤) ផ្តល់ជូននូវផ្លូវអភិវឌ្ឍន៍ និងវឌ្ឍនភាពច្បាស់លាស់សម្រាប់ក្រុមជម្រើសជាតិ

លោក Datuk Seri Windsor John អគ្គលេខាធិការ AFC បានថ្លែងថា៖« Nations League នឹងមិនត្រឹមតែ​ជំរុញ​គុណភាព​កីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្ម និងការផ្សាយយ៉ាង​ខ្លាំង​ផងដែរ ដែលធ្វើឱ្យបាល់ទាត់អន្តរជាតិអាស៊ី កាន់តែមានការប្រកួតប្រជែង និងមានទីផ្សារ។

សូមរំឭកថា បច្ចុប្បន្ននេះ AFC បានរៀបចំការប្រកួតពានរង្វាន់ធំៗចំនួន៤ សម្រាប់ក្រុមជម្រើសជាតិទូទាំងទ្វីបអាស៊ី៖

  • ទី១) ពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup គឺជាពានរង្វាន់ធំបំផុតប្រចាំទ្វីបអាស៊ី ដែល​ធ្វើឡើង​រៀងរាល់៤ឆ្នាំម្តង ហើយចំពោះពានរង្វាន់ធំជាងគេមួយនេះប្រៀបបាននឹងពាន Euro របស់ទ្វីបអឺរ៉ុប ដែរ។
  • ទី២) ពានរង្វាន់នារីទ្វីបអាស៊ី AFC Women’s Asian Cup ជាពានរង្វាន់កំពូល​សម្រាប់​ក្រុម​បាល់ទាត់​នារី​ក្នុង​ទ្វីបអាស៊ី។
  • ទី៣) AFC U23 Asian Cup ពានរង្វាន់សម្រាប់យុវជនអាយុក្រោម ២៣ឆ្នាំ។
  • ទី៤) AFC Asian Qualifiers រួមជាមួយ World Cup Qualifiers ទោះបីជាមិនមែន​ជាការលើកពាន​ផ្ទាល់ ប៉ុន្តែការប្រកួតជម្រុះ World Cup គឺជាព្រឹត្តិការណ៍ដ៏ធំ និងសំខាន់បំផុតមួយដែល AFC រៀបចំ ដើម្បីយកក្រុមដែលជាសមាជិកទាំងអស់ឡើងទៅជុំផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ។

សូមជម្រាបថា ប្រសិនបើគម្រោងនោះនៃការបង្កើតពានរង្វាន់ AFC Nations League កើតឡើងមែនពិត នោះក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ នឹងស្ថិត​នៅកម្រិតទី៣ League C ដែល​មាន ១២​ប្រទេស បែងចែកជា៤ពូល ដោយ១ពូលមាន៣ក្រុម៕

Share.