“ថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថិរភាពនិងពង្រឹងថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់” នេះជាចំណុចទី១ដែលបានចារឹកទុកនៅក្នុងជំពូកទី១ មាត្រា១នៃធម្មនុញ្ញអាស៊ាន ហើយដែលបណ្តាប្រទេសជាសមាជិកទាំង១០(ចុងឆ្នាំ ២០២៥មាន ១១ប្រទេស) បានព្រមព្រៀងទទួលស្គាល់ជាផ្លូវការ។អ្វីដែលកាន់តែគួរឲ្យមានក្តីសង្ឃឹមនិងមោទកភាពថែមទៀតនោះ គឺនៅគ្រប់វេទិកាទាំងអស់ពិសេសកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលបណ្តាលប្រទេសទាំងអស់ត្រូវប្តូរវេនគ្នាធ្វើប្រធានអាស៊ានប្រចាំនោះ គេតែងឮពាក្យ”ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គល”។
បើពិនិត្យមើលទៅលើចក្ខុវិស័យពិសេសខ្លឹមសារនៃធម្មនុញ្ញរបស់អាស៊ាន ក្នុងនាមជាប្រជាជនដែលរស់នៅក្នុងតំបន់មួយនេះ គួរតែមានមោទកភាពចំពោះ ការប្តេជ្ញាចិត្តរបស់រួមគ្នារបស់មេដឹកនាំនៃបណ្តាប្រទេសដែលជាសមាជិកអង្គការតំបន់មួយនេះ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងរងនូវការឈ្លានពានពីសំណាក់កងទ័ពថៃដែលជាសមាជិកហើយជាសមាជិកស្ថាបនិករបស់អាស៊ានថែមទៀតនោះខ្ញុំហាក់មានការរំខានចិត្តយ៉ាងក្រៃលែងដោយសារ តែស្ថានភាពជាក់ស្តែងខុសពីអ្វីដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អាស៊ាន។
ជាក់ស្តែង នៅចំពោះមុខទង្វើឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានចាប់ផ្តើមតាំងតែពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥កន្លងមកនេះដោយប្រើប្រាស់នូវយុទ្ធោបករណ៍ធុនធ្ងន់ដូចជាការទម្លាក់គ្រាប់បែកដោយប្រើប្រាស់យន្តហោចម្បាំងF-16 ចូលមកជ្រៅក្នុងទឹកដីកម្ពុជារហូតដល់ជម្រៅស្ទើរតែ១០០គីឡូម៉ែត្រពីព្រំដែន ការបាញ់រ៉ុកកែត ការបាញ់ផ្សែងគីមីពុល។ល។សំដៅលើជនស៊ីវិល ការបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ ពិសេសការបំផ្លាញប្រាសាទបុរាណដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរថែមទាំងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកផងនោះ បែរជាសមាជិកអាស៊ានដទៃទៀតនៅសម្ងំស្ងៀមហាក់មិនមានប្រតិកម្មណាមួយឡើយ ក្រៅតែពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេនតែប៉ុណ្ណោះដែលបានខ្នះខ្នែងសម្របសម្រួល។
ជាចម្ងល់សម្រាប់ខ្ញុំក៏ដូចជាប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសដែរនោះគឺ តើហេតុអ្វីបានជាបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតបែរជាឈរឱបដៃមើលអំពើឈ្លានពានរបស់រដ្ឋមួយទៅលើរដ្ឋមួយទៀតដែលជាសមាជិកអាស៊ានដូចគ្នាទៅរួច? តើស្មារតី”ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គល”ដែលត្រូវបានចាត់ទុកថាជាចំណុចស្នូលដ៏សំខាន់មួយរបស់ អាស៊ាននោះនៅឯណា?ឬមួយមានត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ? ក្នុងថ្ងៃអនាគត ទោះយូរឬឆាប់ក្តី តើនឹងអាចមានប្រទេសណាខ្លះទៀតដែលនឹងត្រូវរងគ្រោះដូចជាព្រះរាជាណាចក្រកម្ពុជានាពេលនេះ?
ស្មេរជឿជាក់ថា ជាចម្លើយនោះគឺប្រហែលជាមិនមានប្រទេសណាមួយចង់ក្លាយជាជនរងគ្រោះដូចដែលកម្ពុជាកំពុងចួបប្រទះនាពេលនេះនោះទេ។ក្នុងន័យនេះ តើ បណ្តាប្រទេសជាសមាជិកអាស៊ានទាំងចាស់ទាំងថ្មីដទៃទៀត ក្រៅពីប្រទេសថៃដែលកំពុងឈ្លានពានទាំងកម្រោលមកលើកម្ពុជាដែលជាសមាជិកអាស៊ានដូចគ្នានោះ គួរតែបន្តស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់ ឬមួយក៏គួរមានប្រតិកម្មក្នុងកម្រិតណាមួយដើម្បី បញ្ឈប់នូវទង្វើដ៏ព្រហើនកោងកាចរបស់ក្រុមយោធាថៃមកលើកកម្ពុជាដែលជាប្រទេស តូចជាង ទន់ខ្សោយទាំងផ្នែកសេដ្ឋកិច្ចហើយដែលមិនធ្លាប់មានមហិច្ឆតារំលោភបំពាន ប្រទេសជាសមាជិកណាមួយនោះ?
“សន្តិភាព”ក្នុងតំបន់អាស៊ានពិតជាពុំអាចរក្សាបានដូចស្មារតីនៃខ្លឹមសារដែលបានចារឹកទុកនៅក្នុងធម្មនុញ្ញអាស៊ាននោះឡើយ ប្រសិនបើបណ្តាសមាជិកទាំងអស់មិនមាត់មិនក បន្តឈរឱបដៃមើលប្រទេសជាសមាជិកមួយប្រើប្រាស់កម្លាំងយោធាឈ្លានពានឬក៏ដាក់សម្ពាធទៅលើសមាជិកមួយទៀតដែលតូចនិងមានកម្លាំងខ្សោយជាងខ្លួនទាំងយោធានិងសេដ្ឋកិច្ចនោះ។
ជារួម ទង្វើរបស់យោធាថៃដែលបានចូលឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា បំផ្លាញសុខសន្តិភាពរបស់រដ្ឋជាសមាជិកអាស៊ានដូចគ្នានាពេលនេះ គឺបាននិងកំពុងរំលោភាពយ៉ាងធ្ងន់ធ្ងរទាំងទៅលើច្បាប់អន្តរជាតិនិងធម្មនុញ្ញដែលជាឆ័ត្ររបស់អាស៊ានដែលបានចារឹកទុកថា អាស៊ានផ្តល់សារសំខាន់ជាមូលដ្ឋាននៃមិត្តភាព សហប្រតិបត្តិការនិងគោរពគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពទឹកដី…។ក្នុងន័យនេះ ការបន្តស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់របស់បណ្តាប្រទេសនិងពលរដ្ឋអាស៊ាន មិនមែនជាជម្រើសល្អក្នុងការបន្តស្មារតីឯកភាព សហប្រតិបត្តិការពិសេស សន្តិភាព នៅក្នុងតំបន់អាស៊ាននោះឡើយ។សំឡេងនិងការរួបរួមគ្នារបស់បណ្តាប្រទេសជាសមាជិកពិសេសពលរដ្ឋអាស៊ានដែលស្រឡាញ់សន្តិភាពទាំងអស់ពិតជាមានសារៈនិងមិនអាចខ្វះបានក្នុងកាលៈទេសៈនេះ។
កម្ពុជាម្តងហើយម្តងទៀតតែងតែប្រកាសជាឱឡារិកថា ទាំងថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាគ្រប់និន្នការនយោបាយទាំងក្នុងនិងក្រៅប្រទេសស្រឡាញ់សន្តិភាព និងចង់រស់នៅដោយស្មើមុខមាត់ជាមួយបណ្តាប្រទេសនានានៅលើសកលលោក ពិសេសប្រទេសជិតខាងនិងចង់ឲ្យតំបន់ព្រំដែនជាប់ជាមួយប្រទេសជិតខាងជាតំបន់អភវិឌ្ឍន៍និងសហប្រតិបត្តិការល្អ។
សូមកុំឲ្យភាពស្ងៀមស្ងាត់ក្លាយជា គ្រាប់បែកបរិមាណូបំផ្លាញសន្តិភាពតំបន់និងបំបែកអាស៊ានឲ្យសោះ!
