សារព័ត៌មាន Bangkok Post បានលាតត្រដាងរឿងអាស្រូវស្ត្រីជនជាតិថៃនាថ្ងៃទី២៣ ខែធ្នូ ម្សិលមិញឱ្យដឹងថា ប៉ូលីសតៃវ៉ាន់បានចាប់ខ្លួនស្ត្រីពេស្យាចារជនជាតិថៃម្នាក់ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធពីបទបង្ខំកូនស្រីខ្លួនឯងអាយុ ១២ឆ្នាំ ធ្វើជានារីលក់ខ្លួននៅក្នុងប្រទេសជប៉ុន។ ទង្វើគ្មានមនុស្សធម៌និងមេត្តាធម៌សូម្បីតែកូនស្រីបង្កើតនេះ ត្រូវបានខ្សែភ្នែកអន្តរជាតិចាត់ទុកថាបញ្ហាមួយដ៏សោកសៅ និងគឺជាឧក្រិដ្ឋកម្មជួញដូរមនុស្សយ៉ាងធ្ងន់ធ្ងរ។

ស្រ្តីរកស៊ីបម្រើផ្លូវអារម្មណ៍ជនជាតិថៃរូបនេះមានវ័យ ២៩ឆ្នាំ ត្រូវបានប៉ូលីសតៃវ៉ាន់ចាប់ខ្លួន និងបញ្ជូនមកប្រទេសថៃវិញកាលពីវេលាម៉ោង ៥នាទីល្ងាច ម្សិលម៉ិញ ក្រោយពីបានធ្វើបត្យាប័នរួច។

ដើមហេតុ ស្រ្តីជនជាតិថៃរូបនេះបានទុកកូនស្រីរបស់ខ្លួនមានអាយុ១២ឆ្នាំនៅទីក្រុងតូក្យូជាមួយម្ចាស់ហាងម៉ាស្សាមួយកន្លែង ដោយមិនខ្វល់អនាគត់របស់កុមារ រួចខ្លួនបានហោះចាកចេញមកតៃវ៉ាន់វិញកាលពីកញ្ញា​កន្លងទៅ។ បច្ចុប្បន្នក្មេងស្រីជាជនរងគ្រោះរូបនោះ ស្ថិតក្រោមការមើលថែពីសំណាក់អាជ្ញាធរជប៉ុនដោយទទួលបានសិទ្ធិទទួលបានការការពារ និងសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់កុមារ ស្របតាមច្បាប់អន្តរជាតិ។

យ៉ាងណាម៉ិញ ប៉ូលីសថៃ បានបញ្ជាក់ថា ស្រ្តីឥតកេរ្តិ៍ខ្មាស់ម្នាក់នេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ទោសយ៉ាងធ្ងន់ធ្ងរ រួមទាំងសញ្ចារកម្មកុមារអនីតិជនពីបទពេស្យាចារ និងការជួញដូរមនុស្ស ដែលអាចជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២លានបាត។ ប៉ុន្តែករណីនេះមិនមែនជាបទល្មើសដំបូងនៅតៃវ៉ាន់នោះទេ កន្លងមកសារព័ត៌មានបរទេសក៏ធ្លាប់បានលាតត្រដាងពីទង្វើគ្មានមនុស្សធម៌របស់ស្ត្រីថៃដទៃទៀតជាច្រើននាក់រួចមកហើយដែរ៕

ប្រភព៖ Bangkok Post

Share.