គិតរហូតមកដល់ពេលនេះ មានរយៈពេលជិត២០ថ្ងៃហើយដែលកងទ័ពថៃបានបន្តឈ្លានពានដោយបើកការវាយប្រហារដោយអាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងការប្រើយន្តហោះចម្បាំងF-16 ចូលទម្លាក់គ្រាប់បែកចូលយ៉ាងជ្រៅមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសបាន បណ្តាលឲ្យបាត់បង់អាយុជីវិតនិងរបួសប្រជាជនស្លូតត្រង់អស់ជាច្រើននាក់រួមទាំងជនភៀសសឹករហូតដល់ជាងកន្លះលាននាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅចំពោះមុខទង្វើឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើកកម្ពុជានាពេលនេះ គឺសហគមន៍អន្តរជាតពិសេសអង្គការសហប្រជាជាតិ (UN)ដែលគេចាត់ទុកថាជាអង្គការពិភពលោកមួយដ៏មានឥទ្ធិពលនោះ បែរជានៅតែបន្តរក្សាភាពស្ងៀមស្ងាត់ឱបដៃឈរមើលយោធាថៃបំផ្លាញទឹកដីនិងសម្លាប់ជនស្លូតត្រង់កម្ពុជា ដោយពុំបានធ្វើអន្តរាគមន៍ឬក៏ហាមឃាត់សកម្មភាពរបស់ពួកគេនោះឡើយ។
ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព ស្មេរសូមអំពាវនាវដោយទទូច និងជាបន្ទាន់បំផុត ឲ្យសហគមអន្តរជាតិធ្វើសកម្មភាពព្រមៗគ្នានៅចំពោះមុខស្ថានការណ៍ដ៏គ្រោះថ្នាក់ដែលកំពុងកើតមានឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនាពេលនេះ។

តាមរយៈរបាយការណ៍របស់តំណាងកម្ពុជា ក្រសួងការបរទេស រួមទាំងសេចក្តីរាយការណ៍ពីបណ្តាញផ្សព្វផ្សាយនានានៅជុំវិញពិភពលោក ស្មេរជឿជាក់ថាបណ្តាមិត្តបរទេស ពិសេស អង្គការសហប្រជាជាតិពិតជាបានដឹងឬយ៉ាងហោចណាស់បានទទួលព័ត៌មានថា នាពេលនេះ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កំពុងរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ តាមរយៈការវាយប្រហារដោយយោធាពីសំណាក់ប្រទេសជិតខាង។ សកម្មភាពនេះមិនត្រឹមតែជាការរំលោភលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបង្កឱ្យមាន៖
- ការបាត់បង់ជីវិត និងរបួស៖ ទាំងកងទ័ពការពារព្រំដែន និងប្រជាពលរដ្ឋស្លូតត្រង់។
- ការភៀសខ្លួន៖ ប្រជាពលរដ្ឋរាប់សែនគ្រួសារត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដើម្បីគេចពីការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីក្រុមយោធាថៃ។តាមតួលេខថ្មីបំផុតបង្ហាញថា រហូតមកដល់ពេលនេះ (ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥)មានជនភៀសសឹករហូតដល់ខ្ទង់៦សែននាក់ហើយបាននិងកំពុងស្នាក់នៅតាមបណ្តា ជំរុំសុវត្ថិភាពននានា។
- អស្ថិរភាពក្នុងតំបន់៖ សង្គ្រាមនេះនឹងបំផ្លាញដល់សន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

នៅចំពោះមុខស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗយើងសូមអំពាវនាវដល់៖
- អង្គការសហប្រជាជាតិ (UN)៖ មេត្តាចេញអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងជួយសម្របសម្រួលឱ្យមានការចរចាដោយសន្តិវិធី។
- អាស៊ាន (ASEAN)៖ មេត្តាប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងទប់ស្កាត់ការប្រើប្រាស់ហិង្សាដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន។
- បណ្តាប្រទេសជាមិត្ត៖ មេត្តាជួយរួមគ្នាដាក់សម្ពាធតាមរយៈការបំពងសំឡេងថ្កោកទោសទង្វើឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ក្រុមយោធាថៃឲ្យបានខ្លាំងក្លា និងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក ដើម្បីការពារយុត្តិធម៌សម្រាប់កម្ពុជា។
សូមជួយគាំទ្រកម្ពុជា តាមរយៈការរួមគ្នាដាក់សម្ពាធក៏ដូចជាថ្កោលទោសឲ្យបានខ្លាំងក្លាទៅលើក្រុមយោធាឈ្លានពានថៃមកលើកម្ពុជា ដើម្បីរក្សាទឹកដីសន្តិភាពនិងប្រជាជនដ៏ស្លូតត្រង់នៃព្រះរាជាណាចក្រនេះ។ កម្ពុជាគ្រាន់តែចង់ការពារទឹកដីស្របច្បាប់របស់ខ្លួន និងចង់រស់នៅក្នុងសុខសន្តិភាពជាមួយប្រទេសជិតខាងតែប៉ុណ្ណោះ។ សន្តិភាពគឺជាតម្លៃជាសកល ហើយការជួយកម្ពុជានៅពេលនេះ គឺពិតជាការជួយរក្សាសន្តិភាពពិភពលោក។
សូមពិភពលោកកុំឈរមើលការឈ្លានពានដោយស្ងប់ស្ងាត់!
