ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក និងថ្នាំកេតាមីន សរុបចំនួន ២៤០ គីឡូក្រាម។ ប្រតិបត្តិការឆ្មក់បង្ក្រាបគ្រឿងញៀនដែលធ្វើឡើងនៅក្នុងខេត្តឈៀងរ៉ៃ ដែលជាខេត្តស្ថិតនៅក្បែរព្រំដែនមីយ៉ាន់ម៉ា និងជាតំបន់ត្រីកោណមាសដែលមានការជួញដូរទាំងអាវុធ និងគ្រឿងញៀនដ៏ធំតាមច្រករបៀងធម្មជាតិរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា។

ការចាប់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅក្នុងស្រុកឈៀងសែន បន្ទាប់ពីមានការស៊ើបអង្កេតរួមគ្នាដោយការិយាល័យត្រួតពិនិត្យគ្រឿងញៀន (ONCB) និងភ្នាក់ងារសន្តិសុខជាច្រើនទៀត។
ក្រុមកម្លាំងចម្រុះបានឆ្មក់ចូលឆែកឆេរផ្ទះមួយកន្លែងនៅក្នុងឃុំ Si Don Mun ជាកន្លែងដែលពួកគេបានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ រួមមានជនជាតិថៃ ២ នាក់ ត្រូវបានគេស្គាល់ឈ្មោះត្រឹមតែ សាខន អាយុ ៥៤ ឆ្នាំ និងប្រាផាស៊ន អាយុ ៣៣ ឆ្នាំ រួមជាមួយជនជាតិមីយ៉ាន់ម៉ា ២ នាក់ទៀត ឈ្មោះ សៃ វូន និង សៃ សៅធីប។
តាមរយៈការឆែកឆេរ សមត្ថកិច្ចបានរកឃើញថ្នាំម៉ាទឹកកកចំនួន ១២០ គីឡូក្រាម និងថ្នាំកេតាមីនចំនួន ១២០ គីឡូក្រាម ដែលត្រូវបានលាក់ទុកយ៉ាងជិតឈ្និនៅក្នុងផ្ទះ និងក្នុងបន្ទប់សម្ងាត់ដែលកែច្នៃនៅក្រោមរថយន្តភីកអាប់ ។

នេះមិនមែនជាករណីថ្មីឡើយ សម្រាប់ប្រទេសថៃ និងខេត្តនៅជាប់ជិតប្រទេសមីយ៉ាន់ម៉ា ពិសេសតំបន់ត្រីកោណមាស (ដែលជាចំណុចប្រសព្វនៃប្រទេស ថៃ មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវបានគេដឹងនិងស្គាល់ ជាប្រវត្តិសាស្ត្រ ថាគឺជាតំបន់ល្បីល្បាញបំផុតខាង ការផលិតអាភៀន និងហេរ៉ូអ៊ីន ធំជាងគេបំផុតមួយនៅលើពិភពលោក (កាលពីទសវត្សរ៍ឆ្នាំ ៧០-៩០)។
ត្បិតថាការផលិតអាភៀនបានថយចុះនៅខាងថៃ ប៉ុន្តែការផលិត ថ្នាំញៀនប្រភេទសំយោគ (Methamphetamine/Ice) បានកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនោះវាក៏ជាតំបន់ ជួញដូរអាវុធ និងសកម្មភាពខុសច្បាប់ផ្សេងៗតែងតែឆ្លងកាត់តំបន់នេះ៕

