វាគឺជារឿងដ៏គួរឲ្យសោកស្តាយជាពន់ពេកនៅពេលដែលមានការផ្សព្វផ្សាយថា ក្រុមយោធាថៃ បានបំផ្លាញកម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះ នៃខេត្តព្រះវិហារក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ទង្វើបែបទមិឡឥតសាសនារបស់ក្រុមយោធាថៃនេះ បាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍និងថ្កោកទោសយ៉ាងខ្លាំងពីសំណាក់អ្នកកាន់សាសនាហិណ្ឌូនៅទូទាំងពិភពលោកពិសេស ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនឥណ្ឌា។
រូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូ ត្រូវបានចាត់ទុកថា ជាមរតកវប្បធម៌ និងទីសក្ការៈបូជាមួយ សម្រាប់អ្នកមានជំនឿលើសាសនាហិណ្ឌូ បើទោះជារូបសំណាកនេះត្រូវបានសាងសង់ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី។ ការណ៍នេះ ក៏មិនមែនបានន័យថា រូបនេះជាមរតកផ្តាច់មុខសម្រាប់ប្រជាជនកម្ពុជានោះដែរ ប៉ុន្តែវាគឺជា មរតកមនុស្សជាតិ ទាំងមូល។ ការបំផ្លិចបំផ្លាញវត្ថុទាំងនេះក្នុងអំឡុងពេលសង្គ្រាមដូចករណីដែលក្រុមទាហានថៃបានប្រព្រឹត្តនេះ គឺជាឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឱ្យបាន។
ជាការកត់សម្គាល់ មិនមែនតែរូបសំណាកព្រះវិស្ណុនេះទេដែលរងនូវការបំផ្លិចបំផ្លាញនៅក្រោមស្នាដៃរបស់ក្រុមយោធាថៃ នៅមានប្រាសាទ(ប្រាសាទតាក្របី ប្រាសាទព្រះវិហារ…) រួមទាំងទីសក្ការៈបូជាជាច្រើនទៀតរួមទាំងវត្តអារាមព្រះពុទ្ធសាសនាផងដែរ ក៏ត្រូវបានក្រុមយោធាថៃ បំផ្លាញដូចគ្នាបណ្តាលឲ្យខូចខាតយ៉ាងដំណំនិងគួរឲ្យសោកស្តាយដែលគេពិបាកនឹងរកពាក្យបរិយាយឲ្យអស់សេចក្តី។
នៅចំពោះមុខទង្វើឈ្លានពាននិងឥរិយាបថយ៉ាងគឃ្លើនរបស់ក្រុមយោធាថៃនេះ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបហើយដែលខ្ញុំជឿជាក់ថា ពលរដ្ឋខ្មែរដទៃទៀតក៏មានបំណងដូចជាគ្នាដែរនោះ យើងខ្ញុំសូមអំពាវនាវដល់អង្គការសហប្រជាជាតិ (UN), អង្គការយូណេស្កូ (UNESCO) និងមហាអំណាចពិភពលោកទាំងអស់សូម៖
- ថ្កោលទោសជាចំហ៖ ត្រូវចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំៗឈ្មោះចំពោះក្រុមប្រដាប់អាវុធ ឬរដ្ឋាភិបាលថៃបច្ចុប្បន្នដែលប្រើប្រាស់ទីសក្ការៈបូជាជាគោលដៅយោធា។
- វិធានការទណ្ឌកម្ម៖ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះមេដឹកនាំកងទ័ពដែលបញ្ជាឱ្យមានការបំផ្លិចបំផ្លាញរូបសំណាកសាសនា និងប្រាសាទ បុរាណ។
- តុលាការអន្តរជាតិ៖ សូមចាត់ទុកការបំផ្លាញបេតិកភណ្ឌវប្បធម៌ថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយត្រូវនាំខ្លួនអ្នកប្រព្រឹត្តមកកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ជាមួយគ្នានេះ ចំពោះកម្លាំងប្រដាប់អាវុធថៃដែលកំពុងបំពានច្បាប់អន្តរជាតិត្រូវតែដឹងថា៖
- ពិភពលោកកំពុងតាមដានរាល់សកម្មភាពរបស់ពួកគេ។
- ការបំផ្លាញអាទិទេព ឬរូបសំណាកសាសនា ដើម្បីជ័យជម្នះខាងយោធា គឺជាភាពបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ។
- គ្មានបុគ្គលណា ម្នាក់អាចស្ថិតនៅក្រៅច្បាប់ បន្ទាប់ពីបានបំផ្លាញដួងព្រលឹងវប្បធម៌របស់មនុស្សជាតិឡើយ។
ខ្ញុំយល់ថា អាវុធគួរតែប្រើដើម្បីការពារសន្តិសុខ មិនមែនប្រើដើម្បីកម្ទេចជំនឿ និងប្រវត្តិសាស្ត្រនោះទេ។ ការវាយប្រហារលើទីសក្ការៈបូជា គឺជាការប្រកាសសង្គ្រាមជាមួយមនុស្សជាតិទាំងមូល និងជាការលុបបំបាត់អត្តសញ្ញាណនៃជំនាន់ក្រោយ។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមលើកដៃសំពះអរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌាក៏ដូចជាបណ្ឌាអ្នកគោរពសាសនាហិណ្ឌូមកពីជុំវិញពិភពលោកដែលបានបញ្ចេញ ប្រតិកម្មពិសេសថ្កោលទោសទៅលើសកម្មភាពទមិឡឥតសាសនារបស់ក្រុមយោធាថៃ នាពេលនេះ។
ជាសច្ចភាពមួយដែលមិនអាចប្រកែកបាននោះគឺថា “បេតិកភណ្ឌដែលបាត់បង់ មិនអាចសាងសង់ឡើងវិញឱ្យដូចដើមឡើយ។ ពិភពលោកត្រូវតែរួមគ្នា បញ្ឈប់កម្លាំងប្រដាប់អាវុធដែលគ្មានសីលធម៌ មុនពេលអ្វីៗហួសពេល។”


