ការបំផ្លាញរូបសំណាកព្រះវិស្នុដែលត្រូវបានចាត់ទុកថាជានិមិត្តសញ្ញាសាសនាព្រហ្មញ្ញ ដែលធ្វើឡើងដោយក្រុមយោធាថៃដែលបានចូលឈ្លានពានទឹកដីកម្ពុជា បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍និងថ្កោកទោសយ៉ាងខ្លាំង ពិសេសពីសំណាក់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា។

សកម្មភាពរបស់ក្រុមទាហានថៃទាំងនោះ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌រួមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងនោះចាត់ទុកថា ជាទង្វើដែលមានភាពអមនុស្សធម៌យ៉ាងខ្លាំងក្នុងច្បាប់អន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌។ទង្វើរបស់ក្រុមយោធាថៃនេះ លើសពីការឈ្លានពានដែនបូរណភាព អធិបតេយ្យភាពព្រំដែន បន្ថែមលើនេះក៏ជាការប្រមាថយ៉ាងធ្ងន់ទៅលើសាសនា ដែលមានអ្នកគោរពបូជាយ៉ាងច្រើនលើសាកលលោក។

ខាងក្រោមនេះ គឺជាខ្លឹមសារនៃសំណេររៀប់រាប់ដ៏ពិស្តាររបស់ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មានត្រយង៖

១. ជំនឿព្រះវិស្ណុ ដែលខ្មែរភាគច្រើនស្គាល់ និងហៅជាទូទៅថា ព្រះនារាយណ៍ ទំនងចូលមកស្រុកខ្មែរតាំងពីដើមគ្រឹស្តរាជ ហើយដែលឃើញជារូបរាងច្បាស់នៅរវាងស.វ.៦ ដែលមានរូបព្រះព្រះនារាយណ៍រចនាបថភ្នំដា ជារូបដ៏ធំ និងប្រណិត ព្រមទាំងរូបអវតារខ្លះរបស់ព្រះនារាយណ៍ ដូចជាព្រះក្រឹស្ណា ព្រះរាម ពលទេព ជាដើម ដែលអ្នកស្រាវជ្រាវកំណត់ឈ្មោះជារចនាបថដំបូងៗនៃសិល្បៈខ្មែរថា រចនាបថ ភ្នំដា ហើយសព្វថ្ងៃមានតាំងបង្ហាញខ្លះនៅសារមន្ទីរជាតិ។ ជំនឿនេះនៅតែបន្តដល់សព្វថ្ងៃ នៅក្នុងព្រះបរមរាជរាំង ពាក្យសូត្របួងសួង ឬធម៌ខ្លះ ក្នុងទំនុកចម្រៀងអារក្ស ហើយក្លាយទៅជារបៀបខ្មែរ ពោលគឺជា អ្នកតា។ ឧទាហរណ៍ អ្នកតាដំបងដែក (ព្រះនារាយណ៍កាន់ដំបង) អ្នកតាកង្ហាដែក (ព្រះនារាយណ៍កាន់កងចក្រ) ព្រះនារាយណ៍នៅប្រាសាទអង្គរវត្តក្លាយជាតារាជ និងមានវត្តមួយនៅខេត្តតាកែវ ឈ្មោះវត្តព្រះនារាយណ៍ជាដើម។ល។

២. គំនិតភ្ជាប់ទេពនិងព្រះមហាក្សត្រ ទំនងមានតាំងពីខ្មែរទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ ហើយឃើញច្បាស់ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី២ និងបន្តរៀងរហូតមកក្រោយៗទៀត ដោយព្រះនាមព្រះ ឬព្រះបរមមរណនាមមហាក្សត្រដូច ឬភ្ជាប់ទៅទេព ពោលគឺជាទេពលើផែនដី ឬព្រះមហាក្សត្រជាទេពដែលនៅលើដី ឬជាតំណាងអទិទេពនៅភពមនុស្ស។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺ ប្រាសាទអង្គរវត្ត ដែលពីមុនគេហៅថា ព្រះពិស្ណុលោក ពោលគឺស្ថានព្រះនារាយណ៍នៅលើផែនដី ឬព្រះបរមមរណនាមព្រះបាទសូរ្យវម៌្មទី២ គឺបរមពិស្ណុលោក ពោលគឺក្រោយពីទ្រង់សុគតទៅ នឹងទៅនៅស្ថានព្រះនារាយណ៍។

៣.  ព្រះវិស្ណុត្រូវបានគេចាត់ទុកថាជាព្រះអាទិទេពនៃការអភិរក្ស និងសមតុល្យនៃសាកលលោក គំនិតនេះមានឥទ្ធិពលមានទស្សនៈលើជីវិត សិល្បៈ និងស្ថាបត្យកម្មខ្មែរច្រើនយ៉ាងណាស់ ក្នុងជំនឿដែលជាឧទាហរណ៍មួយគឺរូបព្រះនារាយណ៍គង់គ្រុឌដែលដោតលើបាយសីដើមក្នុងកិច្ចពិធីមួយចំនួននៅតំបន់អង្គរ ថ្វីបើកិច្ចនោះធ្វើក្នុងបរិបទពុទ្ធសាសនាក្ដី ពិសេសបួសនាគ។  ការសម្ដែងសិល្បៈ ដែលសព្វថ្ងៃឃើញមានល្ខោនខ្លះលេងបានតែរឿងទាក់ទងនឹងសាសនាព្រះនារាយណ៍នេះគឺរឿងរាមកេរ្តិ៍ ដូចជាល្ខោនខោល និងល្ខោនស្បែកធំជាដើម។ សោតឯផ្នែកស្ថាបត្យកម្មថ្វីបើសព្វថ្ងៃប្រទេសកម្ពុជាយើងលែងកាន់ព្រហ្មញ្ញសាសនាពេញទីក្ដី ក៏ឃើញការលម្អលើសំណង់មួយចំនួននៅតែមានរូបទាក់ទងនឹងទេពកថាព្រះនារាយណ៍ដែរ។ ឧទាហរណ៍ខ្លះៗ គឺរូបព្រះនារាយណ៍គង់គ្រុឌ រឿងគជលក្ស្មី(ដំរីស្រង់ទឹកឲ្យនាងលក្ស្មី) រឿងកូរសមុទ្រទឹកដោះ ដែលអ្នកស្រុកខ្លះហៅថាចម្លាក់ទាញព្រ័ត្រ នៅតែមានវត្តមានលើហោជាង ផ្ដែរទ្វារ ក្លោងទ្វារ និងផ្នែកមួយចំនួនទៀតនៃការលម្អសំណង់ស្ថាបត្យកម្ម។

៤. ក្នុងបរិបទសម័យទំនើប ការសាងសង់ ឬគោរពរូបសំណាកព្រះវិស្ណុ នៅលើទឹកដីកម្ពុជា ខ្ញុំយល់ថា ជាការបន្តបេតិកភណ្ឌវប្បធម៌ ឬជាការបង្ហាញជំនឿសាសនាផ្ទាល់ខ្លួន ដូចដែលជម្រាបពីខាងដើមថា ជារបៀបខ្មែរ គឺព្រះនារាណ៍ ឬព្រះវិស្ណុមកជាអ្នកតា។ ហើយរដ្ឋក៏ជួយគាំពានៅក្នុងផ្នែកស្មារតីក្នុងការថែរក្សា និងការពារដែលជាជំនឿប្រពៃណី ដោយឲ្យមានការសាងសង់ក្នុងក្បួនខ្នាតត្រឹមត្រូវ ពុំមានការហាមឃាត់ បន្តុះបង្អាប់ ឬបង្ខិតបង្ខំឡើយ។

៥. ពេលដែលនិមិត្តសញ្ញាសាសនាព្រហ្មញ្ញដូចជា ព្រះវិស្ណុ ត្រូវបានបំផ្លាញ ឬរងការរំលោភ វាបង្ហាញពីភាពអមនុស្សធម៌យ៉ាងខ្លាំងក្នុងច្បាប់អន្តរជាតិអំពីបេតិកភណ្ឌវប្បធម៌ ព្រោះរឿងនេះលើសពីការឈ្លានពានដែនបូរណភាព អធិបតេយ្យភាពព្រំដែន ក៏ជាប្រមាថយ៉ាងធ្ងន់ទៅលើសាសនា ដែលមានអ្នកគោរពបូជាយ៉ាងច្រើនលើសាកលលោក។

៦. ក្នុងនាមជាអ្នកវប្បធម៌មួយរូប ខ្ញុំបាទយល់ថា ចំពោះយុវជន និងសាធារណជនខ្មែរ សូមយកការឈឺចាប់ បែរមកពង្រឹងសិក្សាស្វែងយល់ដឹងបន្ថែមទៀតក្នុងរឿងប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ ប្រពៃណីជាតិ ដ្បិតការយល់ដឹងពីជំនឿព្រះវិស្ណុ ឬរឿងទាក់ទងនិងវិជ្ជាទាំងអស់នេះ មិនមែនត្រឹមជាសាសនា ប៉ុន្តែជាមូលដ្ឋានសំខាន់នៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្រជាតិ ដែលជាតួនាទីត្រូវសិក្សាស្វែងយល់ពីឫសគល់ជាមុនសិន។ ដោយសារការបំផ្លាញទាំងនេះ មិនថាតែព្រះវិស្ណុដែលជាអត្តសញ្ញាណសាសនាទេ សូម្បីសំណង់បេតិកភណ្ឌដ៏មានតម្លៃ ក៏សុទ្ធសឹងតែកើតឡើងពីបញ្ហាអវិជ្ជា ឬមិនយល់ពីតម្លៃនៃមរតកទាំងនោះ៕

អត្ថបទ៖ត្រយង

Share.