ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងមួយខ្សែដឹកមនុស្ស ២៥០នាក់បានក្រឡាប់ធ្លាក់ចេញពីផ្លូវរត់នៅរដ្ឋ Oaxaca ភាគខាងត្បូងប្រទេស។ នេះ​បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។

កងទ័ពជើងទឹកម៉ិកស៊ិកបានឱ្យដឹងថា រថភ្លើងដែលបានធ្លាក់ផ្លូវនៅជិតទីក្រុង Nizanda បានដឹកសមាជិកនាវិក ៩នាក់ និងអ្នកដំណើរសរុបចំនួន ២៤១នាក់។ ក្នុង​ចំណោម​អ្នក​ជិះ​លើ​រថភ្លើងទាំងនោះ មនុស្សចំនួន ១៣៩​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ខណៈ ៩៨​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន ៣៦​នាក់​កំពុងសង្រ្គោះបន្ទាន់។

ប្រធានាធិបតីម៉ិក លោកស្រី Claudia Sheinbaum បានបង្ហោះនៅលើបណ្ដាញសង្គម X ថា អ្នករបួស ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបន្ថែមថា ក្រុមមន្ត្រីជាន់ខ្ពស់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយដល់គ្រួសាររបស់អ្នកបាត់បង់ជីវិត។

ជាមួយគ្នា អភិបាលរដ្ឋ Oaxaca លោក Salomon Jara Cruz បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារសពក្នុងឧបទ្ទវហេតុនេះ ហើយបាននិយាយថា អាជ្ញាធររដ្ឋកំពុងសម្របសម្រួលជាមួយភ្នាក់ងារសហព័ន្ធ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ទាំងនោះ។

ទាក់ទិននឹងបញ្ហានេះ ការិយាល័យអគ្គមេធាវីរបស់ប្រទេសម៉ិកស៊ិក បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

សូមជម្រាបថា រថភ្លើងមួយខ្សែនេះ ត្រូវបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់ក្នុងឆ្នាំ​២០២៣ ដែលជាផ្នែកមួយនៃគម្រោងច្រករបៀងអន្តរសមុទ្រដ៏ធំ ដើម្បីតភ្ជាប់កំពង់ផែសមុទ្រប៉ាស៊ីហ្វិក Salina Cruz ជាមួយកំពង់ផែ Coatzacoalcos នៃឆ្នេរសមុទ្រ Gulf។ រដ្ឋាភិបាលម៉ិកស៊ិកមានបំណងអភិវឌ្ឍតំបន់នេះ​ឱ្យ​ទៅជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយព្រែកជីកប៉ាណាម៉ាផងដែរ៕

ប្រភព៖ CNA

Share.