អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុងម៉ាណាដូ (Manado) នៃខេត្តស៊ូឡាវេស៊ីខាងជើង កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ។

យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់បានបាត់បង់ជីវិតនិង ៣នាក់ទៀតបានរងរបួសនៅពេលដែលអគ្គិភ័យដ៏សាហាវមួយបានផ្ទុះឡើងនៅមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុងម៉ាណាដូលើកោះស៊ូឡាវេស៊ី នៃប្រទេសឥណ្ឌូណេស៊ី។

យោងតាមសារព័ត៌មាន Jakarta Globe អគ្គិភ័យនេះបានផ្ទុះឡើងកាលពីយប់ជ្រៅថ្ងៃអាទិត្យ ហើយបានឆាបឆេះយ៉ាងលឿនពាសពេញផ្នែកធំៗនៃអគារថែទាំមនុស្សចាស់ក្នុងទីក្រុងម៉ាណាដូ ខេត្តស៊ូឡាវេស៊ី ខាងជើង ដែលជាកន្លែងមានមនុស្សចាស់ប្រហែល ៣២នាក់កំពុងរស់នៅ។

ភ្នាក់ងារពន្លត់អគ្គិភ័យបាននិយាយថាអណ្តាតភ្លើងបានរីករាលដាលយ៉ាងរហ័សដែលបង្ខំឱ្យក្រុមការងារសង្គ្រោះបន្ទាន់ត្រូវផ្តោតលើការទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលដល់តំបន់លំនៅដ្ឋានដែលមានមនុស្សរស់នៅកុះករនៅក្បែរនោះ។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលប្រហែលមួយម៉ោង។ នៅក្នុងហេតុការណ៍នេះមានអ្នកស្នាក់នៅចំនួន ៣នាក់បានរងរបួសរលាកកម្រិតធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នប៉ូលីសបានចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃអគ្គិភ័យនេះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានបឋមបានបង្ហាញថាភ្លើងអាចនឹងចាប់ផ្តើមផ្ទុះឡើងចេញពីតំបន់ផ្ទះបាយ៕

