ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការត្រៀមលក្ខណៈធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់មករស់នៅតាមលំនៅឋានដើមវិញ និងការស្តារឡើងវិញនូវសេវាសាធារណៈនៅមូលដ្ឋាន ក្រោយមានការព្រមព្រៀងគ្នារវាងគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
យោងតាមខ្លឹមសារនៃសេចក្តីណែនាំ រដ្ឋបាលខេត្តបានកំណត់ការបែងចែកតំបន់ដែលរងផលប៉ះពាល់ជា ៣ ប្រភេទ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធានាសុវត្ថិភាពជូនពលរដ្ឋ រួមមាន៖
- តំបន់ក្រហម៖ សំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែន ដែលកម្លាំងប្រដាប់អាវុធកំពុងឈរជើងប្រចាំការ។ ក្នុងតំបន់នេះ មិនទាន់អនុញ្ញាត ឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅវិញឡើយ។
- តំបន់លឿង៖ សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់ពលរដ្ឋស្ថិតក្នុងអង្គភាពយោធា។ ពលរដ្ឋអាចចេញចូលបាននៅ ពេលថ្ងៃ ប៉ុន្តែ មិនអនុញ្ញាត ឱ្យស្នាក់នៅពេលយប់ឡើយ។
- តំបន់សុវត្ថិភាព៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ដែរ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន។ ក្នុងតំបន់នេះ ប្រជាពលរដ្ឋអាចវិលត្រឡប់មក រស់នៅជាធម្មតា វិញបាន។
វិធានការសំខាន់ៗដែលរដ្ឋបាលខេត្តបានដាក់ចេញ៖
១. ការស្តារសេវាសាធារណៈ៖ មន្ទីរសុខាភិបាល និងមន្ទីរអប់រំ ត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវមណ្ឌលសុខភាព និងសាលារៀនដែលបានផ្អាក កុំតែតំបន់ណាដែលរងការខូចខាតខ្លាំង ឬស្ថិតក្នុងតំបន់ហាមឃាត់។
២. ការការពារសន្តិសុខ៖ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រព័ន្ធ Hotline ២៤ម៉ោង ដើម្បីទទួលបណ្តឹង និងសំណូមពរពលរដ្ឋ ព្រមទាំងដាក់កម្លាំងល្បាតការពារទ្រព្យសម្បត្តិជូនពលរដ្ឋដែលមិនទាន់បានវិលត្រឡប់មកវិញ។
៣. ការសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ អាជ្ញាធរត្រូវសហការជាមួយអង្គភាពស៊ីម៉ាក់ (CMAC) ដើម្បីចុះពិនិត្យ និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវត្ថិភាពពេញលេញមុននឹងពលរដ្ឋចូលរស់នៅ។
៤. ការផ្តល់ជំនួយសង្គ្រោះ៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកំណត់អត្តសញ្ញាណគ្រួសារដែលខ្វះខាតពិតប្រាកដ ដើម្បីផ្តល់ជំនួយស្បៀងអាហារក្នុងរយៈពេលខ្លី និងមធ្យម។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសេចក្តីសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន៕




