ត្បូងឃ្មុំ÷ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មានជាសម្ភារៈ គ្រឿងឧបភោគ-បរិភោគ និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូន ភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មករស់នៅ បណ្តោះអាសន្ន តាមបណ្តាឃុំទាំង ៧ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ពិធីនេះ ប្រារព្ធឡើងនៅបរិវេណសាលាស្រុកអូររាំងឪ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនភៀសសឹក ប្រមាណជិត ៥០០នាក់ ។




ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានសម្តែងការស្វាគមន៍ និងបានលើកឡើងថា ស្រុកអូររាំងឪ មានបងប្អូនភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមឃុំទាំង ៧ ក្នុងស្រុកអូររាំងឪ មានចំនួនសរុប ១.៤៣៨ នាក់ (ស្រី ៦៩៤ នាក់) ក្នុងនោះមានសិស្សានុសិស្ស ១៥៩ នាក់។ ជាក់ស្តែង ការជួបសំណេះសំណាលសួរសុខទុក្ខ និងមានជាអំណោយដ៏ថ្លៃថ្លាប្រគល់ជូន នាឱកាសនេះ គឺដើម្បីជួយសម្រួលដល់ការលំបាកចំពោះមុខ ក្នុងអំឡុងពេលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារស្ថានភាពវិបត្តិតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានណែនាំដល់អាជ្ញាធរស្រុក-ឃុំ ឱ្យតាមដានជាប់ជាប្រចាំនូវសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនភៀសសឹកទាំងអស់ដោយមិនប្រកាន់និន្នាការ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតត្បូងឃ្មុំ បាននាំនូវប្រសាសន៍ សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ផងដែរ ។








ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងនូវសារដ៏មានអត្ថន័យ និងពោរពេញដោយក្តីមេត្តាធម៌ របស់ថ្នាក់ដឹកនាំជាតិ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ទឹកភ្នែក និងការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការឈឺចាប់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត។ ថ្នាក់ដឹកនាំជានិច្ចកាល គឺស្ថិតនៅក្បែរ និងរួមសុខរួមទុក្ខជាមួយពុកម៉ែ បងប្អូន និងវីរកងទ័ពគ្រប់វិនាទី ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការជួបជុំនេះ មិនត្រឹមតែជាការចែកអំណោយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងសន្តិសុខស្បៀងរបស់បងប្អូនភៀសសឹក ដែលកំពុងជួបការលំបាកផងដែរ ។

គួរបញ្ជាក់ដែរថា សកម្មភាពនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌ចែករំលែក និង “ការមិនបោះបង់ពលរដ្ឋណាម្នាក់” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគេគ្រប់ពេលវេលា ៕
អត្ថបទ÷ អាចារ្យលាក់

