កំពង់ចាម: ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម លែងចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល ព័ត៌មានពីប្រជានេសាទ ដែលបាន នេសាទបានត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានចុះពិនិត្យ ព្រមទាំងបានផ្តល់ព័ត៌មានទៅរដ្ឋបាលជលផល ។

បន្ទាប់មក ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរ/បជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំរកាគយ បានចុះពិនិត្យ និងកំណត់ទិន្នន័យដូចខាងក្រោមឃើញថាត្រីរាជ ភេទ ញី មានប្រវែង ១៨៦សង់ទីម៉ែត្រមានទម្ងន់សរុប ៦៣គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ ។

ទន្ទឹមនឹងនេះដែរ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕
អត្ថបទ៖ អាចារ្យលាក់

