ឬក៏ពិតដូចជាទំនាយលោកយាយលើកឡើងមែន? ពេលនេះ ទឺកសមុទ្រនៅថៃ ហក់ឡើងកម្រិតខ្ពស់ខ្លាំងហៀរចូលដល់ក្រុងក្បែររដ្ឋធានី បាងកក បង្កការព្រួយបារម្ភខ្លាំង។

តាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នាពេលថ្មីៗនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានផ្លូវថ្នល់ប្រទេសថៃបានចេញវិធានការដោះស្រាយបញ្ហាទឹកជំនន់លើផ្លូវ Rama 2 ដែលបង្កឡើងដោយនីវូទឹកសមុទ្រហក់ឡើងកម្រិតខ្ពស់ខ្លាំងហៀរចូលដល់ក្រុងក្បែររដ្ឋធានី បាងកក បង្កការព្រួយបារម្ភខ្លាំង។
ចរាចរណ៍ទិសដៅដែលឆ្ពោះទៅកាន់ទីក្រុងបាងកក ចេញពីស្រុក Mueang ខេត្ត Samut Sakhon ត្រូវបានកកស្ទះរាប់ម៉ោង បន្ទាប់ពីសង្កេតឃើញថា នៅតែមានទឹកសមុទ្រជន់លិចលើផ្ទៃផ្លូវដដែល បណ្តាលឱ្យរថយន្តត្រូវបើកបរយឺតៗ រហូតមានការកកស្ទះជាជួរវែង។
អាជ្ញាធរថៃ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើដំណើរចូលទីក្រុងបាងកក ឱ្យជៀសវាងការប្រើប្រាស់ផ្លូវ Rama 2 ហើយប្តូរមកប្រើប្រាស ផ្លូវ Phetkasem ជាផ្លូវមេវិញជំនួសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។ ហេតុការណ៍នេះក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនឹករលឹកដល់សម្ដីទស្សទាយរបស់លោកយាយម្នាក់ដែលបានលើកឡើងពីមហន្តរាយគ្រោះធម្មជាតិធ្ងន់ធ្ងរនៅប្រទេសថៃ ចាប់កើតឡើងពីដើមខែមករា នៃឆ្នាំ ២០២៦៕

